ភ្នំពេញ ៖ ករណីប្រពន្ធរត់ចោលប្តី៣ខែ ត្រូវប្តីតាមស្វែងរកឃើញកំពុងរួមរស់នឹងប្រុសថ្មីនេះ ហើយត្រូវបុរសជាប្តីទ្រាំមិនបាន ហៅទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាល បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា រសៀលថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០១៩ ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បុរសអភ័ព្វជាប្តីដែលនាំកូនដើរតាមរកប្រពន្ធដែលរត់ចោលផ្ទះ ឈ្មោះស៊ឹម ពិសាល អាយុ៣៣ឆ្នាំ មុខរបរដើរលក់ទឹកសុទ្ធ មានលំនៅម្តុំគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ១ ខណ្ឌឫស្សីកែវ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះម៉ាត់ អាយូរ៉ា ហៅបញ្ញា អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម អតីតបុគ្គលិកផ្នែកលក់នៅផ្សារស្ទឹងមានជ័យថ្មី ទើបមកស្នាក់នៅផ្ទះជួល នៅកន្លែងកើតហេតុ និងមានលំនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌ ឫស្សីកែវ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា រយៈពេលប្រមាណ៣ខែមុននេះ ប្រពន្ធរបស់គាត់ក៏បានលួចវេចបង្វេចចុះចោលគាត់ជាប្តី និងកូនស្រីទីងាំ២នាក់ ដោយគ្មានស្រណោះអាល័យបន្តិចណាសោះ ទុកឱ្យគាត់ត្រូវរស់នៅមើលថែកូនស្រីទាំងពីរទាំងត្រដាបត្រដួស និងព្យាយាមដើរតាមស្វែងរក ប្រពន្ធដែរ តែរកមិនឃើញសោះ មិនដឹងជានាងទៅសម្ងំរស់នៅឯណាឡើយ។ លុះមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ គាត់ក៏បានតាមរកប្រពន្ធឃើញនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងបានឃើញប្រពន្ធរូបនេះ កំពុងសម្ងំរួមរស់ជាមួយប្រុសថ្មីម្នាក់ទៀត ទើបធ្វើឱ្យគាត់ជាប្តីទ្រាំមិនបាន ក៏ហៅប្រពន្ធឱ្យមកដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលតែម្តង។

នៅក្នុងប៉ុស្តិ៍ប៉ូលិស ស្ត្រីជាប្រពន្ធឈ្មោះម៉ាត់ អាយូរ៉ា ហៅបញ្ញា បានប្រាប់ថា នាងលែងចាត់ទុកបុរសឈ្មោះស៊ឹម ពិសាល ជាប្តីទៀតហើយ ដោយសារតែងប្តីនេះ ជាមនុស្សចូលចិត្តប្រើអំពើហិង្សា ជាពិសសទៀតនោះ មិនព្រមគោរពប្រណិបត្តិតាម សាសនាអ៊ីស្លាម។

ចំណែកភាគីបុរសជាប្តី បានបដិសេធថា ខ្លួនមិនបានប្រើអំពើហិង្សាក្នុងគ្រួសារដូចការចោទប្រកាន់របស់ប្រពន្ធនោះឡើយ តែគាត់ទទួលស្គាល់ថា គាត់ពិតជាមិនបានគោពតាមទំនៀមទម្លាប់សាសនាអ៊ីស្លាមប្រាកដមែន។ ប៉ុន្តែយ៉ាងណាក្តី បុរសជាប្តីរូបនេះ បានទទូចអង្វរសុំឱ្យប្រពន្ធត្រឡប់ទៅផ្ទះមើលថែកូនស្រីទាំង២វិញ តែខាងស្រីប្រកាន់នូវជំហរមួយដាច់ខាតមិនវិលវិញ ហើយក៏មិនយកប្តីនេះទៀតដែរ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីខាងលើនេះ សមត្ថកិច្ចបានត្រឹមតែជួយធ្វើការសម្របសម្រួល ដើម្បីជៀសវាងកុំឱ្យកើតមានអំពើហិង្សាដោយប្រការណាមួយប៉ុណ្ណោះ ចំពោះការសម្រេចចិត្តយកគ្នា ឬមិនយកគ្នាជាប្តីប្រពន្ធវិញ ឬយ៉ាងណានោះ អាស្រ័យលើភាគីទាំង២។

ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងហៅចាស់ទុំសាច់ញាតិទាំងសងខាង មកនាំប្តីប្រពន្ធទាំងពីរ យកទៅដោះស្រាយគ្នានៅឯផ្ទះវិញ៕

