ភ្នំពេញ ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បុរសម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ ក៏ប៉ុនប៉ងគិតខ្លីសម្លាប់ខ្លួនម្តងរួចមកហើយ ដោយធ្លាប់រត់ចូលម៉ូតូម្តង តែមិនមានរបួសអ្វីធ្ងន់ ទើបសម្រេចចិត្តរត់ចូលឡាន១គ្រឿង ម៉ាកវីស្តូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AG-5716 ឱ្យបុករងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចមុខស៊ីធីក្លឹប តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បុរសគិតខ្លីដែលប៉ុនប៉ងរត់ចូលរថយន្តសម្លាប់ខ្លួន មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណ ជាង៣០ឆ្នាំ ស្លៀកខោជើងខ្លីពណ៌ក្រហម លែងខ្លួនទទេ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា បុរសខាងលើ គឺជាមនុស្សដែលមានវិបត្តិផ្លូវចិត្ត ព្រោះកន្លងមកធ្លាប់រត់ចូលម៉ូតូ ម្តងរួចមកហើយ តែមិនរងរបួសធ្ងន់។ លុះមកដល់យប់កើតហេតុ ទើបមករត់ចូលរថយន្ត ខណៈកំពុងបើកបរតាមបណ្តោយផ្លូវលេខ២១៧ បណ្តាលឱ្យរថយន្តបុក រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕