ខេត្តតាកែវ ៖ ករណីកូនប្រុសតូចចិត្តម៉ែអត់ទៅដណ្តឹងប្រពន្ធឱ្យ បែរជាឈឺចិត្តស្អិតទ្រូង គិតខ្លីផឹកថ្នាំបំពុលសម្លាប់ខ្លួន នៅក្នុងរោងម៉ាស៊ីនជាប់ផ្ទះរបស់ខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្នុងរោងម៉ាស៊ីន ជាប់ផ្ទះរបស់យុវជនរងគ្រោះ ស្ថិតក្នុងភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់។

យុវជនចិត្តខ្លាំងគំនិតខ្លី ដែលផឹកថ្នាំបំពុលសម្លាប់ខ្លួន មានឈ្មោះគង់ សំណាង អាយុ២១ឆ្នាំ មានលំនៅកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានលួចស្រលាញ់កូនក្រមុំគេម្នាក់ជាយូរមកហើយ លុះក្រោយមក ទ្រាំតទៅទៀតលែងបាន ទើបជនរងគ្រោះមករំអុកម្តាយឪពុករបស់ខ្លួន ឱ្យចូលស្តីនារីក្រមុំម្នាក់នោះ។ ដោយសារឮកូនរំអុកដូច្នេះ ឪពុកម្តាយក៏មានអារម្មណ៍សប្បាយត្រេកអរដែរ ប៉ុន្តែគ្មានប្រាក់ជាប់ខ្លួនសោះ ទើបប្រាប់ទៅ កូនប្រុសវិញថា ម៉ែឪអត់ទាន់មានលុយទេ ទ្រាំចាំបន្តិចសិនទេ។ តាំងពីនោះមក ជនរងគ្រោះក៏ចាប់ផ្តើមវិបត្តិផ្លូវចិត្ត ខ្លាចនារីដែលខ្លួនស្រលាញ់ពេញចិត្តនោះ ត្រូវគេសម្លឹងឃើញ ចូលស្តីដណ្តឹងមុន ឆក់យកទៅបាត់ ទើបធ្វើឱ្យដេកមិនលក់បក់មិនល្ហើយ រហូតដល់ចុងក្រោយ ក៏ជ្រើសយកវិធីគិតខ្លីសម្លាប់ខ្លួនតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា លុះព្រឹកឡើង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមគ្រួសារភ្ញាក់ពីដំណេក បាត់មិនឃើញជនរងគ្រោះ ក៏ដើរតាមរកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានសហជាមួយលោកគ្រូពេទ្យបង្អែកស្រុកគិរីវង់ ចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យទៅ លើសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានផឹកថ្នាំពុល សម្លាប់ខ្លួនឯងប្រាកដមែន។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕