ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹង ក៏ចេញទៅរត់ម៉ូតូឌុប លុះមិនទាន់មានម៉ូយ ក៏ចូលទៅអង្គុយផឹកកាហ្វេនៅក្នុងហាងកាហ្វេមួយកន្លែង ស្រាប់តែមួយសន្ទុះក្រោយមក ក៏ត្រូវបានបុគ្គលិកក្នុងហាង ប្រទះឃើញជនរងគ្រោះអង្គុយស្លាប់លើកៅអី បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេយីហោ “លុយហុង កាហ្វេ១៦៨” ជាប់ផ្លូវបេតុង ជិតសាលាបារាំង ស្ថិតក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

បុរសរងគ្រោះ មានឈ្មោះសាត សុខា អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលគ្មានលេខ ក្រោយផ្ទះលក់កាហ្វេកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិចា ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
តាមសម្តីរបស់សាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះតែងតែផឹកស្រាស្រវឹងជាប់ជាប្រចាំ និងមិនសូវហូបបាយទឹកទៀងទាត់នោះទេ ស្រាប់តែនៅយប់ថ្ងៃកើតហេតុ ក៏ឮដំណឹងថា ជនរងគ្រោះអង្គុយស្លាប់ក្នុងរោងកាហ្វេតែម្តង។

តាមការបំភ្លឺពីអ្នកលក់កាហ្វេ បានឱ្យដឹងថា នៅមុនកើតហេតុ កាលពីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GC-3856 មកចូលហាងកាហ្វេ រួចសម្រាន្តលក់លើកៅអីអង្គុយហើយ លុះដល់ម៉ោងបាយ ជនរងគ្រោះក៏ងើបចេញទៅបាត់ រហូតរសៀលបន្តិច ជនរងគ្រោះក៏បានត្រលប់មកហាងកាហ្វេវិញ រួចហៅកាហ្វេមួយកែវអង្គុយផឹកទៀត បន្ទាប់មកជនរងគ្រោះអង្គុយផឹកកាហ្វេបណ្តើរ និងមើលរឿងវីដេអូបណ្តើរ រហូតដល់ម៉ោងប្រហែលជិត៦ព្រលប់ថ្ងៃដដែល ម្ចាស់ហាងក៏រៀបចំកៅអីតុបិទហាង ហើយក៏បានឃើញជនរងគ្រោះដេកនៅកន្លែង បានដាស់ជនរងគ្រោះមិនភ្ញាក់ បាននាំគ្នាមកដាស់ទៀតតែមិនភ្ញាក់ ទើបដឹងថា គាត់បានស្លាប់បាត់ទៅហើយ តែមិនដឹងថា ស្លាប់ដោយសារមូលហេតុអ្វីនោះទេ ទើបប្រញាប់រាយការណ៍ទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលភ្លាមៗផងដែរ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញកោសល្យវិច័យ និងអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅលើដងខ្លួនសព មិនមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ហើយជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។

ក្រោយការពិនិត្យបានចប់សព្វគ្រប់ សពត្រូវបានប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
