ខេត្តបន្ទាយមានជ័យ ៖ ករណីរន្ធត់មួយបានកើតឡើង ដោយបុរស២នាក់ឪពុកកូន ត្រូវរោង១ខ្នង បាក់រលំសង្កត់បែកក្បាល បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចរោង១ខ្នង របស់លោកជំទាវឧកញ៉ា ចក់ ពួក មានទីតាំងស្ថិតក្នុងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក។

ជនរងគ្រោះទាំង២នាក់ឪពុកនិងកូន រួមមាន ទី១-បុរសជាឪពុក មានឈ្មោះស៊ន ស៊ីន ភេទប្រុស អាយុ៤៦ឆ្នាំ និងទី២-យុវជនជាកូនប្រុស មានឈ្មោះស៊ីន ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ។ ទាំង២នាក់ ឪពុកនិងកូនខាងលើ មានលំនៅក្នុងភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងមួយមេធំ លាយឡំដោយខ្យល់កន្ត្រាក់ផងដែរ ខណៈនោះក៏មានជនរងគ្រោះទាំង២នាក់ឪពុកនិងកូន ចូលទៅជ្រកភ្លៀងនៅក្នុងរោងនោះ ស្រាប់តែអកុសល ខ្យល់បោកបក់ ធ្វើឱ្យរោងមួយនោះ បាក់រលំសង្កត់ជនរងគ្រោះទាំង២នាក់ បណ្តាលឱ្យបែកក្បាលរងរបួសយ៉ាងធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចុះជួយអន្តរាគមន៍ និងដឹកបញ្ជូន ទៅព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកថ្មពួក៕