ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រី បានឆក់ខ្លួនឯងស្លាប់ក្នុងត្រពាំងនេះបានកើតឡើង កាលពីវេលារសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមាត់ត្រពាំងទឹកខាងក្រាយផ្ទះ ជនរងគ្រោះ ចម្ងាយប្រមាណ៧០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃឃ្លៃ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះឃិន ចឹក អាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិព្រៃឃ្លៃ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានរៀបចំរាយខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួន បំណងយកទៅឆក់ត្រីនៅត្រពាំងទឹកខាងក្រោយផ្ទះចំងាយប្រមាណ៧០ម៉ែត្រ លុះក្រោយពេលរាយខ្សែភ្លើងទៅដល់មាត់ត្រពាំង មិនទាន់បានចុះ ឆក់ត្រីផង ក៏ស្រាប់តែកាន់ចំមុខតំណខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តអគ្គិសនី ឆក់ជងរងគ្រោះដេកដួលនៅនឹងកន្លែងតែម្តង។ ពេលនោះ មានអ្នកជិតខាងបានប្រទះឃើញជនរងគ្រោះដេកស្តូកស្តឹងនៅក្បែរមាត់ទឹក ក៏ស្រែកឆោឡោប្រាប់ ឱ្យក្រុមគ្រួសារដកឌុយភ្លើងចេញ រួចក៏នាំគ្នាជួយសង្គ្រោះបឋមភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន ដោយសារតែជនរងគ្រោះរាយខ្សែភ្លើងឆក់ត្រី ដោយខ្វះការប្រុងប្រយ័ត្ន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ឱ្យគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕