ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ត្រីម្នាក់បានកើតមានជំលោះតឹងសរសៃកជាមួយប្តី រួចក៏មានគំនិតខ្លី បីកូនតូចឡើងទៅឈរនៅលើសំយាបផ្ទះសំណាក់ ប្រុងលោតសម្លាប់ខ្លួនទាំង២នាក់ម្តាយកូន ប៉ុន្តែត្រូវបានគេប្រទះឃើញទាន់ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ព្យាយាមលួងលោមឱ្យចុះ មកក្រោមវិញ ហេតុការណ៍បានកើតមានការភ្ញាក់ផ្អើលឡើង នៅចំណុចផ្ទះសំណាក់យីហោ សុមនា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួនខាងលើនេះ មិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួននោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំ មានប្តីជាជនជាតិចិន មុខរបរមេការសំណង់នៅតាមខេត្ត និងនៅទីក្រុងផងដែរ និងមានកូនប្រុសម្នាក់ អាយុទើបនឹងជិត១ខួបប៉ុណ្ណោះ។

តាមប្រភពពីម្ចាស់ផ្ទះសំណាក់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីជាប្រពន្ធមានជម្លោះជាមួយប្តី (ជនជាតិចិន) ថែមទាំងឡើងលើសំយ៉ាបប៉ាណូផ្ទះសំណាក់ជាន់ទី១ ឃើញបែបនេះ ពួកគាត់ក៏បានបំបែកភាគីបុរសជាប្តីឱ្យចេញ ដើម្បីឱ្យស្ត្រីខាងលើចុះមកវិញ តែស្ត្រីរូបនោះបំរុងលោតចុះដដែល ជាហេតុធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ចោមរោមមើលសម្តែងនូវទឹកចិត្តអាណិតអាសូរចំពោះក្មេងប្រូសតូច មិនទាន់ដឹងក្តី ដែលត្រូវម្តាយកំពុងបីជាប់ដៃ ប្រុងលោតសម្លាប់ខ្លួន។

ក្រោយកើតហេតុ ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យចុះមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗផងដែរ។ េពេលនោះសមត្ថកិច្ចក៏ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានព្យាយាមលួងលោមស្ត្រីខាងលើ បន្ទាប់មកស្ត្រីរូបនោះ ក៏ទន់ចិត្តយល់ព្រមចុះមកក្រោមវិញ ដោយបញ្ឈប់គំនិតសម្លាប់ខ្លួនទៀត។

បន្ទាប់ពីចុះមកដល់ក្រោមវិញ សមត្ថកិច្ចបានព្យាយាមសួរនាំរកហេតុផលដែរ តែស្ត្រីរូបនោះ ទំនងជាមានការតក់ស្លុតពេក ទើបសន្លប់ មួយសន្ទុះ។ ចំណែកឯបុរសជាប្តីជនជាតិចិនវិញ បានបើករថយន្តចេញទៅបាត់ ដោយសមត្ថកិច្ចមកមិនទាន់ឡើយ។

សមត្ថកិច្ចក៏បានបញ្ជាក់ប្រាប់ដែរថា សមត្ថកិច្ចនឹងជួយរកបុរសជាប្តី ដើម្បីនាំមកដោះស្រាយបញ្ហាក្នុងគ្រួសារមួយនេះ ឱ្យចប់សព្វគ្រប់៕

