ខេត្តកំពត ៖ ក្មេងស្ទាវចំនួន២ក្រុម គ្រាន់តែជិះម៉ូតូតាមផ្លូវ ស៊ីផ្លេម៉ូតូដាក់គ្នា ក៏កើតជាជំលោះតឹងសរសៃកដាក់គ្នា រហូតឈានដល់ផ្ទុះជាអំពើហិង្សាឈប់ម៉ូតូដេញវ៉ៃគ្នាទៅវិញទៅមក បង្កឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ និងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនភាគីម្ខាងបានចំនួន២នាក់ ចំណែកភាគីម្ខាងទៀត បានរត់គេចខ្លួនអស់។

ករណីស៊ីផ្លេម៉ូតូដាក់គ្នា ផ្ទុះជាអំពើហិង្សាវាយតប់គ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវកែង ខាងលិចស្ពានចាស់ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ក្មេងស្ទាវទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន រួមមាន ទី១-ឈ្មោះឃួយ ច័ន្ទតុលា ហៅដក់ អាយុ២០ឆ្នាំ មុខរបរជាងជួសជុលឡាន នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត និង២-ឈ្មោះឈួន ឆាយ អាយុ១៥ឆ្នាំ មុខរបររៀនជាងទង មានលំនៅក្នុងភូមិ ចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកឯភាគីម្ខាងទៀត បាននាំគ្នាគេចខ្លួនបាត់អស់ទៅហើយ និងកំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកនាំខ្លួន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមក្មេងស្ទាវទាំង២ក្រុមខាងលើ បានជិះម៉ូតូក្នុងទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ ភាគីឈ្មោះឃួយ ច័ន្ទតុលា បានចុចស៊ីផ្លេម៉ូតូរបស់ខ្លួន ជាហេតុធ្វើឱ្យភាគីម្ខាងទៀត ផ្ទុះកំហឹងចោទថា ភាគីឈ្មោះឃួយ ច័ន្ទតុលា ចង់ឌឺដងដាក់ពួកគេ ទើបកើតមានការឈ្លោះប្រកែកគ្នា រហូតឈានដល់ការឈប់ម៉ូតូ ដេញវាយតប់គ្នាទៅវិញទៅមក បង្កឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបានភាគីម្ខាងចំនួន២នាក់ ចំណែកភាគីម្ខាងទៀតបានរត់គេចបាត់ស្រមោលអស់។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកមុខក្រុមក្មេងស្ទាវម្ខាងទៀត ដើម្បីនាំយកមកសាកសួរ និងដោះស្រាយតាមនីតិវិធី៕