នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចប់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចំនួន២រូប ដែលមានជាប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លី។

អភិបាលរង២រូប ដែលត្រូវបញ្ចប់តំណែងនៅពេលនេះ ទី១. មានឈ្មោះ ស៊្រុន ស៊្រន់ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ និងទី២. មានឈ្មោះ ផៃ ប៊ុនវណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥។

នៅក្នុងហ្វេសប៊ុកសម្តេចហ៊ុន សែន បានបង្ហោះសារបញ្ចាក់យ៉ាងច្បាស់ថា “ថ្ងៃនេះ ខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ ដោយដកអភិបាលរងខេត្តព្រះសីហនុ ពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះ ខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន”។

ចំណែកនៅក្នុងហ្វេសប៊ុកលោក Wiiliam Guang ក៏បានបង្ហោះសារបន្ទាប់ពីសម្តេចហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលរង២រូប នេះដែថា “អភិបាលរងខេត្តព្រះសីហនុ ២រូប បានបញ្ចប់មុខងារ ដកហូតតំណែង ក្រោយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានរកឃេីញថាមានពាក់ព័ន្ធបញ្ហាដីធ្លីនៅក្រុងព្រះសីហនុ ហើយសម្ដេចតេជោ បានបញ្ជាភ្លាមៗឲ្យធ្វើការដកដំណែង ឥឡូវនេះ សម្ដេចតេជោ បានចេញអនុក្រឹត្យបញ្ចប់មុខងារជាស្ថាពរហើយ សម្ដេចតេជោ ក៏បានប្រគល់ការងារបន្តទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីអនុវត្តន៍ច្បាប់លើបុគ្គលទាំង២នេះ មេយោធាខេត្តដដែលនេះក៏កំពុងប្រឈមនឹងការបាត់បង់ដំណែងដូចគ្នាដែរ។ ខ្ញុំបាទសូមសម្ដែងនូវការសាទ និងគាំទ្រចំពោះអភិក្រមទី៥ របស់សម្ដេចក្នុងការកាត់ចោលនូវសាច់ស្អុយ គឺមន្ត្រីខិលខូចដែលបង្ករបញ្ហាដល់ពលរដ្ឋទូទៅ”៕