ភ្នំពេញ ៖ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យវ័យចំណាស់ម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ដើម្បីនាំយកទៅរួមភេទ បានធ្វើឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះម៉ាស្សាមួយកន្លែង យីហោ ស្រីនាង៨៧១ មានទីតាំងស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទិញព្រហ្មចារីក្មេងស្រី ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ POPE DANNY LEE ហៅរ៉ានី ភេទប្រុស អាយុ៦០ឆ្នាំ ជាជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 546245420។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនបរទេសខាងលើនេះ គឺកម្លាំងនគរបាលជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ រហូតដល់ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនបរទេសខាងលើតែម្តង នៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង ៨៧១ ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ និងធ្វើការស្រាវជ្រាវរកឃើញនារីរងគ្រោះ ចំនួន៥នាក់ ក្នុងនោះកុមារីចំនួន៣នាក់ និងបាននាំខ្លួនជនបរទេសខាងលើ យកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការសាកសួរ។

សូមបញ្ជាក់ផងដែរក្រោយបញ្ជប់ការសាកសួរ ជនបរទេសម្នាក់នេះមានការពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស និងទិញពេស្យាចារកុមារ ត្រូវបានលោកព្រះរាជអាជ្ញា ឯកភាពឱ្យនគរបាលឃាត់ខ្លួនជនបរទេសបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅអយ្យការអមសាលាដំបូងរាជធានីចាត់ការតាមនីតិវិធី។

ចំណែកនារីរងគ្រោះទាំង៥នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

