Tuesday, September 16, 2025
Homeព័ត៌មានសិល្បៈម៉ែចេញទៅធ្វើការបាត់ កូនស្រីនៅផ្ទះត្រូវគេចាប់... សង្ស័យប្រុស២នាក់

ម៉ែចេញទៅធ្វើការបាត់ កូនស្រីនៅផ្ទះត្រូវគេចាប់… សង្ស័យប្រុស២នាក់

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ កំពុងដេកនៅក្នុងផ្ទះតែម្នាក់ឯង ខណៈដែលម្តាយងើបតាំងពីយប់ចាំជិះឡានទៅធ្វើការរោងចក្រ ក៏ស្រាប់តែត្រូវជនពុំស្គាល់មុខ ចូលទៅធ្វើសកម្មភាពចាប់អារកប៉ងសម្លាប់ តែមិនបានសម្រេច ដោយសារក្មេងស្រីរងគ្រោះព្យាយាមរើបម្រះ និងស្រែកឱ្យគេជួយ។

ករណីប៉ុនប៉ងអារកសម្លាប់ក្មេងស្រីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។

ក្មេងស្រីរងគ្រោះ ដែលត្រូវជនមិនស្គាល់ មុខប៉ងអារកសម្លាប់ មានឈ្មោះវ៉ាន់ ស្រីនីម  អាយុ៩ឆ្នាំ រស់នៅក្នុងបន្ទុកម្តាយ និងមានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនៅឡើយ

លោកដួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យ ដែលបានចុះពិនិត្យក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះនៅចាំផ្ទះតែម្នាក់ឯងទេ ព្រោះជាទម្លាប់ម្តាយរបស់ក្មេងស្រីរងគ្រោះ តែងក្រោកពីងងឹត ទៅរង់ចាំជិះរថយន្តចេញទៅធ្វើការជាកម្មការិនីរោងចក្រ  ដោយទុកកូនស្រីរងគ្រោះ ឱ្យដេកនៅផ្ទះតែម្នាក់ឯង។ ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុ ក៏មានជនមិនស្គាល់មុខម្នាក់ បានចូលមកធ្វើសកម្មភាពចាប់អារកក្មេងស្រីរងគ្រោះ ប៉ងធ្វើអ្វីមួយ ដែលលោកមិនទាន់អាចបញ្ជាក់បាននៅឡើយ ព្រោះមិនដឹងថា ដោយសារគំនុំ ប៉ងរំលោភ ឬជាអំពើប្លន់នោះទេ ប៉ុន្តែពេលធ្វើសកម្មភាពនោះ ក្មេងស្រីបានប្រឹងរើបម្រះ និងស្រែកដង្ហោយហៅគេឱ្យជួយ ទើបជនដៃដល់ភ័យខ្លាចមានគេមកទាន់ ក៏ស្ទុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។ ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងបាននាំក្មេងស្រីរងគ្រោះដែលរងរបួសមុតរយះបំពង់ក ប្រវែង៥សង្ទីម៉ែត្រ ទៅសង្គ្រោះនៅគ្លីនីកឯកជនមួយ នៅក្នុងភូមិ។ 

លោកអធិការ បញ្ជាក់ថា តាមការសាកសួរ ក្មេងស្រីរងគ្រោះបានឆ្លើយថា ពេលកើតហេតុនោះ ដោយសារតែយប់ពេក ទើបនាងមើលមុខជនសង្ស័យមិនច្បាស់ តែសង្ស័យថា បើមិនពូកុក ក៏ពូឈីត ដែរ ព្រោះយប់ងងឹត មើលមិនសូវឃើញ។ បន្ទាប់ពីទទួលបានចម្លើយរបស់ក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបុរសឈ្មោះកុក បានម្នាក់ហើយ កំពុងធ្វើការសាកសួរនៅឡើយ។ ចំណែកឈ្មោះឈីត បានរត់គេចខ្លួនបាត់។ 

លោកអធិការ បានបញ្ជាក់ឱ្យដឹងទៀតថា សមត្ថកិច្ចបានរកឃើញ វត្ថុតាងមានស្បែកជើង បន្សល់ទុកនៅកន្លែងកើតហេតុមួយគូ និងខោអាវមួយកំប្លេ ចោលនៅក្នុងវត្ត ជិតកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះកុក ដែលឃាត់ខ្លួនជាទម្លាប់មិនដែលឃើញងូតទឹកពីព្រឹកសោះ ម៉េចថ្ងៃកើតហេតុ ងូតទឹកពីព្រឹកម៉្លេះ? ដោយឡែក ឈ្មោះឈីត ដែលគេចខ្លួន មិនដែលចេញទៅណាសោះ ម៉េចបាត់ខ្លួនទៅដែរ? ម៉្យាងទៀត ជនសង្ស័យទាំងពីរនាក់សុទ្ឋតែមានសមាសភាពធ្លាប់ជាប់ពន្ធនាគារដូចគ្នា។ 

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ពិតប្រាកដ យកមកចាត់ការតាមច្បាប់៕

RELATED ARTICLES