ភ្នំពេញ ៖ ក្រុមជនជាតិចិនប្រុសស្រី៣នាក់ កំពុងអង្គុយផឹកស៊ីជុំគ្នា ស្រាប់តែត្រូវជនជាតិចិន១ក្រុមផ្សេងទៀត អង្គុយតុក្បែរគ្នា ឃើញស្រីស្អាត ក៏ចេះតែបោះពាក្យសម្តីផ្លែផ្កាក្នុងន័យស្នេហា ដោយមិនដឹងថា ជាផ្កាមានម្ចាស់ ដឹងអី! បុរសជាសង្សារនារីរូបស្រស់ផ្ទុះកំហឹង ក៏កើតមានជម្លោះវាយតប់គ្នា គប់ចានគប់កែវ បែកខ្ទេចពេញហាងផឹកស៊ី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ីមួយកន្លែង យីហោអ៊ីអួយ មានទីតាំងនៅតាមបណ្តោយផ្លូវកៅស៊ូថ្មី កែងនឹងផ្លូវសបិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនមួយក្រុម មានគ្នា៣នាក់ (ប្រុស២ ស្រី១) បានចូលទៅអង្គុយផឹកស៊ីនៅក្នុងហាងកើតហេតុខាងលើ លុះមួយសន្ទុះក្រោយមក ស្រាប់តែក្រុមជនជាតិចិន១ក្រុមទៀត ដែលអង្គុយផឹកស៊ីនៅក្បែរតុគ្នា ផឹកស្រវឹងធ្លាក់ភ្នែក ឃើញស្រីស្អាតរូបស្រស់ ក៏ចេះតែលែបខាយពាក្យសម្តីក្នុងន័យស្នេហា ដោយមិនដឹងថា នារីរូបស្រស់នោះកំពុងអង្គុយផឹកជាមួយសង្សារនោះទេ ជាហេតុធ្វើឱ្យបុរសជាសង្សារនារីរូបស្រស់នោះ ទ្រាំមិនបាន ក៏កើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតឈានដល់ការវាយតប់គ្នា ទាញកៅអី ចានកែវវាយគប់គ្នាផ្អើលពេញហាងតែម្តង។

ក្រោយកើតហេតុ ភាគីបង្កដែលតាមញ៉ែសង្សារគេនោះ ត្រូវបានបុរសជាសង្សារនារីរូបស្រស់ដេញវាយរហូតដល់ក្រៅហាង រួចក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។ ចំណែកបុរសជាសង្សាររូបនេះ ព្រោះតែផឹកស្រវឹងជោកជាំផង ណាមួយមួម៉ៅក្តៅចិត្តរឿងគេញ៉ែសង្សារមិនទាន់បាត់ផង ក៏ចេះតែស្រែកឡូឡា បង្ករឿងរាលដាលដល់ប៉ះទង្គិចពាក្យសម្តីជាមួយនឹងក្រុមបុរសខ្មែរ១ក្រុម ដែលផឹកស៊ីនៅក្នុងហាងជាមួយគ្នានោះដែរ កើតជាការវាយតប់គ្នាជាលើកទី២ បណ្តាលឱ្យបុរសចិន២នាក់នោះ រងរបួសបែកមុខមាត់ និងបង្កឱ្យខូចសម្ភារលក់ដូរក្នុងហាងអស់ជាច្រើន រហូតដល់ម្ចាស់ហាងទ្រាំមិនបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ចុះមកជួយអន្តរាគមន៍។

ភ្លាមៗនោះ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចកិច្ចមិនទាន់ដឹងថា អ្នកណាខុសអ្នកណាត្រូវនោះ ក៏ឃាត់ខ្លួនទាំងក្រុមជនជាតិខ្មែរ និងក្រុមជនជាតិចិន នោះ ទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់៕


