បន្ទាប់ពីបាត់មុខពីអាជីពសិល្បៈសូន្យឈឹង ជាច្រើនឆ្នាំ នៅទីបំផុតតារាសម្ដែងសម ម៉ាណា បានវិលត្រឡប់មករកអាជីពចាស់សាជាថ្មីឡើងវិញហើយ ដែលការបង្ហាញខ្លួនលើកដំបូងនេះ តាមរយៈការដើរបង្ហាញម៉ូដក្នុងកម្មវិធី ”រាត្រីពណ៌ស្វាយ” ដែលរៀបចំនៅសណ្ឋាគារសុខា ភ្នំពេញ កាលពីរាត្រីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។

សម ម៉ាណា បានចាប់ដៃជាមួយតារាបង្ហាញម៉ូដ ទឹម រដ្ឋា, សុផា លីនដា និងតារាបង្ហាញម៉ូដជាច្រើនដួងផ្សេងទៀតដើម្បីអបអរសាទរអ្នកទទួលរង្វាន់រថយន្ដទំនើប ម៉ូតូ និងដំណើរកម្សាន្ដទៅសិង្ហបូរី និងភូកេត ដែលរៀបចំដោយក្រុមហ៊ុន អរអេហ្វ៣ វើលដ៍ ខេមបូឌា (RF3 World Cambodia) ក្រោមអធិបតីភាពនាយឧត្តមសេនីយមៀច សុផាន់ណា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

ក្រៅពីសម ម៉ាណា ដែលធ្វើឲ្យគេចាប់អារម្មណ៍ជាថ្មីវិញ ព្រោះតែនាងមិនដាច់អាល័យពីអាជីពចាស់នេះ ក៏មានតារាល្បីៗជាច្រើនដួងផ្សេងៗទៀត បានចូលរួមផងដែរ ដូចជា លោកព្រហ្ម ម៉ាញ, យាយ យ៉យ, បាន មុនីល័ក្ខ, អ៊ាម វន្នី, ពាក់មី, ខ្ញុង និងអ្នកបង្ហាញម៉ូដជាច្រើនដួងទៀត។

លោកវណ្ណ សុភានោ នាយកគ្រប់គ្រង RF3 World Camboia ប្រចាំកម្ពុជា បានឲ្យដឹងថា “សម្រាប់ ”រាត្រីពណ៌ស្វាយ” មានការបង្ហាញម៉ូដពីតារាល្បីជាច្រើនដួ ងដើម្បីបង្ហាញផលិតផលរបស់ក្រុមហ៊ុន និងមានការចែករង្វាន់រថយន្ដ២០គ្រឿង, ម៉ូតូ១២គ្រឿង, ទូរស័ព្ទទំនើប១០គ្រឿង និងបណ្ដោងខ្សែកមាស ចំនួន៣ខែ្ស និងគ្រីម Fimax 350 ប្រអប់ជូនអតិថិជន និងលើកទឹកចិត្តដល់អ្នកតំណាងចែកចាយ។ ដោយឡែក តារាល្បីៗបានឡើងសម្ដែងច្រៀង និងលេងកំប្លែងឲ្យភ្ញៀវទាំងអស់បានរីករាយផងដែរ”។

តាមព័ត៌មានថា ពេលនេះ សម ម៉ាណា នឹងវិលត្រឡប់មករកអាជីពសិល្បៈវិញយ៉ាងពេញទំហឹង ដោយទទួលទាំងការដើរបង្ហាញម៉ូដ និងថតសម្ដែងដូចមុនវិញ។

ដោយឡែក ការបង្ហាញខ្លួននៅ ”រាត្រីពណ៌ស្វាយ” នេះ ម៉ាណា ត្រូវបានមិត្តភក្ដិរួមអាជីពបានលើកទឹកចិត្ត ហើយពួកគេថា នាងនៅតែស្អាតនិងមានសមត្ថភាពមិនចាញ់កាលពី៥ឆ្នាំមុនឡើយ៕








