ស្រីស្អាតស៊ីន យូប៊ីន កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ខ្លាំងឡើងៗ ជាមួយប្រុសរូបសង្ហាខាត់ វ៉ាហាំង ហើយពេលនេះ ទាំងសងខាងបានសារភាពស្នេហ៍រៀងៗខ្លួន។ ប៉ុន្តែនៅពេលសួររឿងភ្ជាប់ពាក្យ ឬរៀបការនោះ យូប៊ីន ថា មិនទាន់គិតឆាប់ៗទេ គឺត្រូវការស្វែងយល់ចិត្តគ្នាឱ្យបានច្បាស់ជាងនេះទៀតសិន…។

ស្រីស្អាតស៊ីន យូប៊ីន ដែលថតភាពយន្តស្ទើរតែគ្រប់រឿង ត្រូវអ្នកដឹកនាំសម្តែងតម្រូវឱ្យចាប់ដៃគូជាមួយប្រុសសង្ហា ខាត់ វ៉ៃហាំង នោះ ពេលនេះស្រាប់តែទាំងសងខាងសារភាពថា កំពុងតែសិក្សាស្វែងយល់ចិត្តគ្នាទៅវិញទៅមកហើយ។

ក្នុងជំនួបផ្ទាល់ ស៊ីន យូប៊ីន និយាយបែបរារែកចិត្តថា នាងមិនទាន់ច្បាស់១០០% ថា ត្រូវតែរៀបការជាមួយលោកវ៉ៃហាំង ទេ ព្រោះពេលនេះអាចនិយាយបានថា ស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នាឱ្យបានច្បាស់លាស់ជាងនេះសិន។

យូប៊ីន វាចាថា “ខ្ញុំមិនដែលនិយាយថា ខ្ញុំបានភ្ជាប់ពាក្យ និងត្រៀមរៀបការជាមួយបងវ៉ៃហាំង តែខ្ញុំធ្លាប់និយាយថា ពួកយើងមើលចិត្តគ្នាឱ្យបានច្បាស់លាស់សិន ទើបរៀបការតាមក្រោយ។ ឥឡូវខ្ញុំនិងវ៉ៃហាំង ចុះសម្រុងគ្នាល្អណាស់ តែពេលខាងមុខ យើងមើលមិនដឹងថា មានរឿងអីកើតឡើងទេ អ៊ីចឹងខ្ញុំក៏មិនអាចនិយាយទុកជាមុនបានដែរ អីចឹងហើយបានជាខ្ញុំសម្រេចចិត្តថា ត្រូវតែមើលគ្នាឱ្យបានយូរឆ្នាំបន្តិចសិន”។

ស៊ីន យូប៊ីន (ស្រីដែន) អតីត Freshie Girl លេខ១ ឆ្នាំ២០១៣ បានចាប់ដៃខាត់ វ៉ៃហាំង ថតសម្តែងជាតួឯកមិនក្រោម១០រឿងឡើយ ទើបធ្វើឱ្យចំណងស្នេហារបស់ពួកគេឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅនៅពេលនេះ ហើយការប្រកាសបើកបេះដូងទទួលប្រុសសង្ហាវ៉ៃហាំង នៅពេលនេះ យូប៊ីន ធ្វើឱ្យប្រុសៗទាំងឡាយដែលមានទ្រព្យស្តុក ប្រឹងតាមស្នេហានាងជាយូរមកហើយនោះ ខកចិត្តមិនស្ទើរឡើយ។

ប៉ុន្តែយ៊ូប៊ីន នៅតែមិនប្តូរចិត្តទេ គឺបេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់នាងសម្រេចចិត្តប្រគល់ឱ្យវ៉ៃហាំង តែម្នាក់គត់ ជាអ្នកថ្នាក់ថ្នមបំពេ ហើយសូម្បីតែការចុះកុងត្រានៅ PNN ក៏ពួកគេធ្វើជាមួយគ្នាដែរ ដែលនេះបញ្ជាក់ថា គូស្នេហ៍តារាយុវវ័យ១គូនេះ ពិតជាស្ម័គ្រស្មោះគ្នាមែន។

ប្រភពបានឱ្យដឹងថា បុរសដែលជះលុយមិនប្រណីលើស្រីស្អាតៗទាំងឡាយ ឱ្យតែលោកបេតីនោះ ចង់ឱ្យយូប៊ីន ឈប់លេងសិល្បៈ ហើយលោកជាអ្នកធានាទំនុកបម្រុងគ្រប់យ៉ាងទាំងអស់ តែយូប៊ីន មិនសូវចាប់អារម្មណ៍ប្រុសនោះឡើយ ដោយសារតែនរណាៗក៏ដឹងដែរថា កូនលោកឧកញ៉ានោះ ក៏មានស្រីស្នេហ៍កៀរនឹងជើងដែរ។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើយូប៊ីន ដែលថាកំពុងមើលចិត្តថ្លើមវ៉ៃហាំង នេះ អនាគតស្វាមីរបស់នាង ពិតជាប្រុសសង្ហារូបនេះមែន?…៕