តារាស្រីវ័យក្មេងរបស់ផលិតកម្មសាន់ដេ យូរី បានបណ្តើរម្ចាស់ចិត្តលោក Bmo ចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េខាងត្បូង ដោយចេញដំណើរកាលពីល្ងាចថ្ងៃទី១៨ ខែមេសា ដើម្បីទៅច្រៀងរាំក្នុងកម្មវិធីសង្ក្រាន្តយក្ស ដែលរៀបចំដោយក្រុមហ៊ុនឡេង ណាវ៉ាត់ត្រា នៅទីក្រុងប៊សាន ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៩។

យូរី និងសង្សារថា ពួកគេធ្លាប់ចេញទៅច្រៀងសម្តែងនៅកូរ៉េ ២លើកមកហើយ ដោយឡែក លើកទី៣នេះ តារាទាំង២ មានរំពឹងថា បទ “រាំទយ” នឹងអូសទាញការចាប់អារម្មណ៍ពីពលករនៅកូរ៉េ ច្រើនជាមិនខាន ខណៈដែលយូរី និងសង្សារបានត្រៀមបទចម្រៀង ក្នុងម្នាក់ៗ៤បទ ក្នុងព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ។

យូរី ថ្លែងថា “ខ្ញុំ និង Bmo ខ្លាចចិត្តអ្នកនៅកូរ៉េដែរហ្នឹង ព្រោះខ្ញុំទើបទៅខែមុនដែរ ឥឡូវត្រូវចេញទៅទៀតហើយ តែលើកនេះ ខ្ញុំយកបទ “រាំទយ” ទៅរាំឱ្យបងប្អូនពលករខ្មែរ នៅទីនោះ បានរាំសប្បាយជាមួយគ្នា ព្រោះកាលទៅលើកមុន បទនេះមិនទាន់ចេញទេ។ ខ្ញុំពេញចិត្តចំពោះការចេញទៅសម្តែងនៅកូរ៉េ នេះណាស់ ព្រោះបងប្អូនយើងស្រលាញ់ និងគាំទ្រសិល្បៈណាស់ ហើយគាត់មានទាំងជូនលុយធីបពេលយើងសម្តែងទៀតផង ធ្វើឱ្យអារម្មណ៍ខ្ញុំសឹងស្រក់ទឹកភ្នែក ព្រោះរំភើបខ្លាំងពេក”។

ក្រៅពីយូរី និងគូស្នេហ៍ ដែលនឹងឡើងអង្រួនលើឆាកតន្ត្រីសង្ក្រាន្តឆ្នាំថ្មីនៅកូរ៉េ នោះ ក៏មានតារាចម្រៀងល្បីៗមួយចំនួនទៀតបាន រួមដំណើរផងដូចជា លោកខេម, ប៉ែន ចំរ៉ុង, ចន ច័ន្ទតារា, ចាន់ សម័យ, បាន មុនីល័ក្ខ និងឡូរ៉ា ម៉ម ជាដើម ដែលពួកគេសុទ្ធតែមានជំនឿចិត្តយ៉ាងមុតមាំថា ព្រឹត្តិការណ៍នោះនឹងមានការចូលរួមរបស់ពលកររាប់ពាន់នាក់ជាមិនខាន។

យូរី បន្ថែមថា “ក្រៅពីទៅច្រៀងនៅកូរ៉េ នេះ ខ្ញុំក៏មានប្រទេសប៉ែកអឺរ៉ុប បានទាក់ទងមកដែរ ដូចជានៅបារាំង និងកាណាដា តែខ្ញុំមិនទាន់ច្បាស់លាស់ទេ ព្រោះនៅចរចាគ្នាសិន។ ប្រសិនបើអាចចេញទៅតាមគម្រោងបាន គឺខ្ញុំនឹងចេញទៅ២ខែ ដែលអាចចេញដំណើរនៅអំឡុងខែកញ្ញា ខាងមុខនេះហើយ”។

យូរី មានរំពឹងថា បទ“រាំទយ” របស់នាង និងគូស្នេហ៍ នឹងធ្វើឱ្យពលករខ្មែរ នៅទីក្រុងប៊សាន ជក់ចិត្ត ខណៈដែលតារារួមដំណើរបានត្រៀមយកបទរាំវង់ទៅរាំ ដើម្បីចង់បំបែកកំណត់ត្រាសង្ក្រាន្តយក្សនោះទៀតផង៕