នៅឆ្នាំ២០១៩នេះ មានតារាស្រីល្បីៗជាច្រើនដួង បាននាំគ្នាបង្ហាញភាពហ៊ឺហាដល់កំពូល តាមរយៈការជិះរថយន្តទំនើប Lexus LX 570 ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ឬស្មើផ្ទះវីឡា១។
យ៉ាងណា តាមការកត់សម្គាល់ថា នៅមានតារាវ័យក្មេងស្រីស្អាតសាច់សខ្ចី៣ដួងទៀត កំពុងជិះឡាន Porsche យ៉ាងកាលីព បង្អួតគ្នា ដែលធ្វើឱ្យគេសង្ស័យថា មានគូស្នេហ៍នៅក្រោយខ្នងឧបត្ថម្ភនោះ គឺពេជ្រ សូលីកា , គង់ វង្សយ៉ាទី និងស៊ីន យូប៊ីន…។
ពេជ្រ សូលីកា ៖
តារាតូចតន់រូបនេះ បាត់មុខពីអាជីពចម្រៀងរយៈពេលជាង៥ឆ្នាំ ក្រោយមានដំណឹងសាយភាយពេញចង្កោមអ្នកសិល្បៈថា នាងជាប់ទ្រុងស្នេហ៍របស់លោកផ្កាយ២ ក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ តម្លៃជាង១លានដុល្លារ ក្បែរវិទ្យាល័យឥន្ទ្រទេវី។ ប៉ុន្តែនៅឆ្នាំ២០១៨ អតីតតារាចម្រៀងផលិតកម្មហង្សមាស , Rock និង M រូបនេះ បានវិលត្រឡប់មករកឆ្នាំងចាស់សាជាថ្មីវិញ តាមរយៈការស្តារមុខនៅហង្សមាស ក្នុងតំណែងតួឯករឿង “អាពាហ៍ពិពាហ៍ចៃដន្យ” ចាប់ដៃគូជាមួយនីកូ។

ពេជ្រ សូលីកា បានធ្វើឱ្យតារាសិល្បៈជាច្រើនសម្តែងការស្ញប់ស្ញែង និងមិនអាចតាមប្រជែងនាងបានឡើយ តាមរយៈការលេងម៉ូដរថយន្តថ្លៃៗ ហើយចុងក្រោយនេះ នាងជិះឡាន Porsche ពណ៌ខ្មៅ តម្លៃជាង២០ម៉ឺនដុល្លារ។

តាមព័ត៌មានបានឱ្យដឹងថា ពេជ្រ សូលីកា បានផ្សះផ្សាស្នេហ៍ជាថ្មីជាមួយលោកផ្កាយ២ បន្ទាប់ពីជួបភាពរកាំរកូសមួយរយៈ ដោយសារនាងត្រូវប្រពន្ធទី២ ក្នុងចំណោមប្រពន្ធទី៥នោះ បានព្រមានសូលីកា។

ប្រភពបានឱ្យដឹងថា សូលីកា ត្រូវលោកធំផ្កាយ២នោះ ផ្គាប់ចិត្ត តាមរយៈការទិញរថយន្តទំនើបៗឱ្យនាងជិះ ដោយមិនមានការរឹបអូសដូចមុនទេ ហើយថែមទាំងអនុញ្ញាតឱ្យស្រីស្អាតថតសម្តែងសិល្បៈតាមសប្បាយទៀតផង។
គង់ វង្សយ៉ាទី ៖
តារាល្បីរូបនេះ ក្រៅពីជិះរថយន្ត Lexus LX 570 ពណ៌ខ្មៅ តម្លៃជាង២០ម៉ឺនដុល្លារនោះ នាងក៏មានរថយន្ត Porsche ១គ្រឿងទៀត ពណ៌ស តម្លៃជាង២០ម៉ឺនដុល្លារ។

ការលេងម៉ូដឡានដល់កំពូលរបស់គង់ វង្សយ៉ាទី នេះ គឺចំពេលដែលមានដំណឹងថា នាងបានភ្ជាប់ស្នេហ៍ជាមួយលោកផ្កាយ៤ ដ៏មានឥទ្ធិពលម្នាក់ ប៉ុន្តែយ៉ាទី ថា សម័យនេះទៅហើយ គេអាចទិញរថយន្តទំនើប តាមរយៈការបង់រំលស់ ដោយមិនចាំបាច់តែមានលុយទាំងដុំទៅទិញផ្តាច់ទេ អ៊ីចឹងនាងក៏អាចធ្វើបែបនេះបានដែរ។

ស្រីស្រស់ដើមទ្រូងធំទ្រលុកទ្រលន់ យ៉ាទី ថែមទាំងថា នាងជាគ្រួសារកូនអ្នកធូរធារ ឪពុកធ្វើប៉ូលិស ហើយនៅផ្ទះ មានឡាន៥គ្រឿង ជិះឆ្លាស់គ្នា អ៊ីចឹងគ្មានប្រុសណាទិញឱ្យនោះទេ។

គង់ វង្សយ៉ាទី ក្រោយទិញរថយន្តទំនើបទាំង២គ្រឿង ជិះហ៊ឺហា គ្មានអ្នកណាអាចធ្វើដូចហើយ មុននេះ នាងទើបជះលុយ៥ម៉ឺនដុល្លារ បើកហាងកាហ្វេឈ្មោះ KT នៅទួលទំពូង ទៀតផង ទើបពេលនេះ តារាមួយចំនួនលាន់មាត់ថា យ៉ាទី មានលុយមិនចាញ់សេដ្ឋិនីឡើយ។
ស៊ីន យូប៊ីន ៖
អតីត Freshie Girl លេខ១ ឆ្នាំ២០១៣នេះ ស្រាប់តែជិះរថយន្ត Porsche ពណ៌ស តម្លៃជាង១០ម៉ឺនដុល្លារ គួរឱ្យភ្ញាក់ផ្អើលដែរ អំឡុងពេលដែលរឿងស្នេហានាងជាមួយប្រុសសង្ហា ខាត់ វ៉ៃហាំង កាន់តែល្បីសាយភាយពេញចង្កោមអ្នកសិល្បៈនេះ។

ប្រភពបានឱ្យដឹងថា ស្រីស្អាតយូប៊ីន ត្រូវបានកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ ដែលរកស៊ីផ្នែកសណ្ឋាគារ និងលក់សាំង តាមស្នេហ៍តារាសាច់សខ្ចីរូបនេះជាច្រើនឆ្នាំមកហើយ ហេតុនេះហើយបានជាអ្នកខ្លះឃើញតារាដែលមានត្រេមុខដូចកូនកាត់ថៃ រូបនេះ ជិះឡានថ្មីថ្លៃជាង២០ម៉ឺនដុល្លារ ពួកគេសង្ស័យថា ស្រីស្អាតរូបនេះមានប្រុសស្នេហ៍នៅក្រោយខ្នង ដែលមិនមែនជាលោកវ៉ៃហាំង ឧបត្ថម្ភឱ្យ។ ប៉ុន្តែយូប៊ីន ដែលអាចនិយាយភាសាបរទេស បាន៤ភាសា គឺអង់គ្លេស , ថៃ , ឡាវ និង វៀតណាម ធ្លាប់អះអាងថា នាងមានប្រុសតាមស្រលាញ់ច្រើនមែន ប៉ុន្តែមិនចាប់អារម្មណ៍អ្នកណា ក្រៅពីវ៉ៃហាំង ទេ ហើយពេលនេះ នាងកំពុងមើលចិត្តថ្លើមគ្នា ដែលអាចរៀបការជាមួយគ្នានាពេលខាងមុខទៀតផង ប្រសិនបើនៅតែចុះសម្រុងគ្នាបែបនេះទៀត។

ក្រៅពីស្រីស្អាតទាំង៣ដួងខាងលើ ពេជ្រ សូលីកា , គង់ វង្សយ៉ាទី និងស៊ីន យូប៊ីន ដែលកំពុងលេងម៉ូដឡាន Porsche ប្រជែងគ្នានោះ នៅឆ្នាំ២០១៩នេះ គេឃើញតារាល្បីៗហ៊ឺហាជិះរថយន្ត Lexus LX 570 ថ្លៃជាង២០ម៉ឺនដុល្លារដែរ មានដូចជា អ្នកនាងស៊ឹម សូលិកា , សឿ សុធារ៉ា , លី ម៉ារីណា , ម៉ាក សែនសូនីតា , ឈួន សុវណ្ណឆៃ, យក់ ថិតរដ្ឋា និងពៅ លីដា ជាដើម ដែលពួកគេមានទ្រព្យមិនចាញ់សេដ្ឋិនីឡើយ៕
