ភ្នំពេញ ៖ បុរសម្នាក់បានដើរទៅដេកនៅលើរ៉ឺម៉កម៉ូតូកង់បី ១គ្រឿងហើយក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវូរថភ្លើង ស្ថិតក្នុងក្រុមទី៣ ភូមិប៉ប៉្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះ ឈ្មោះព្រាប ជា អាយុ៣៩ឆ្នាំ មុខរបរដើរសុំទាន គ្មានសាច់ញាតិ និងមិនដឹងផ្ទះសំបែងនៅឯណាទេ ឃើញតែដើរស្នាក់នៅតាមសំយាបផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើ តែងដើរសុំទានជាប្រចាំ ហើយឱ្យតែពេលបានលុយបន្តិចបន្តួច តែងយកទៅទិញស្រាផឹកមិនដែលខានឡើយ ដោយមិនព្រមហូបបាយទឹក នំចំណីអ្វីទាល់តែសោះ ទោះជាមានប្រជាពលរដ្ឋ ប្រទះឃើញអាណិតជួយហុចបាយទឹកឱ្យ ក៏មិនព្រមហូបដែរ។

លុះដល់យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំ គេឃើញជនរងគ្រោះខាងលើ បានដើរទៅប្រះខ្លួនដេកនៅលើរ៉ឺម៉កម៉ូតូកង់បី ១គ្រឿងដែលខូច និងត្រូវបានម្ចាស់គេយកមកចតចោល នៅក្បែរផ្លូវរថភ្លើង នៅចំណុចកើតហេតុខាងលើ។ ស្រាប់តែនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដោយសារតែម្ចាស់រ៉ឺម៉កកង់បី ចង់យកកង់បីរបស់ខ្លួនទៅជួសជុល ទើបប្រើឱ្យក្មេងទៅដាស់ជនរងគ្រោះឱ្យក្រោក ប៉ុន្តែជនរងគ្រោះមិនឆ្លើយតប ហើយក៏មិនកម្រើកបន្តិចណាសោះ ទើបនឹកឆ្ងល់ក៏នាំគ្នាទៅមើល ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យលើសាកសព រួចបញ្ជាក់ថា ការស្លាប់របស់ជនរងេគ្រោះខាងលើ គឺដោយសារខ្យល់គរ ក៏ព្រោះតែជនរងគ្រោះហូបតែស្រា និងមិនព្រមហូបបាយទាល់តែសោះ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តពោធិ៍ចិនតុង ដើម្បីរៀបចំបូជាតែម្តង ដោយសារតែជនរងគ្រោះគ្មានសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនោះទេ៕