នៅសល់មិនដល់មួយខែទៀតទេ ឱក សុគន្ធកញ្ញា នឹងក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ជាផ្លូវការមែនទែនហើយ ខណៈដែលមង្គលការរបស់នាងបានកំណត់យ៉ាងជាក់លាក់ គឺនឹងលាភាពនៅលីវ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមរយៈការរៀបការនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ។

គេកត់សម្គាល់ថា អំឡុងពេលដែលសុគន្ធកញ្ញា ធ្វើជាកូនក្រមុំឱ្យលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស នេះ ស្បែកសាច់របស់នាងធ្លាប់តែសម្បុរខ្មៅស្រអែមស្រស់នោះ ពេលនេះប្រែក្លាយទៅជាសខ្ចីម៉ដ្ឋខៃទៅវិញ ទើបធ្វើឱ្យគេសង្ស័យថា នាងបកស្បែកត្រៀមធ្វើឱ្យគេភ្ញាក់ផ្អើលថ្ងៃរៀបការ។

សូម្បីតែបុគ្គលិកមួយចំនួន របស់ហង្សមាស ក៏មានការស្រឡាំងកាំងដែរ ដោយពួកគេថា ឱក សុគន្ធកញ្ញា ពេលនេះ ស្អាតពេកហើយ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ានសួរថា តើនាងបកស្បែកឬអត់នោះទេ? ព្រោះ ពួកគេខ្លាចដោយសារបុគ្គលិករបស់ហង្សមាស បានចាត់ទុកសុគន្ធកញ្ញា ពេលនេះថា ជា “មេស្រី” របស់ពួកគេទៅហើយ ព្រោះអនាគតស្វាមីរបស់នាង លោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រង និងបញ្ជាលើទូរទស្សន៍ហង្សមាស ទាំង មូលដែលមានបុគ្គលិកក្រោមឱវាទជាច្រើនរយនាក់។

ប្រភពបានឱ្យដឹងថា លោកសុខលី ញញឹមបិទមាត់មិនជិតឡើយ ពេលដែលត្រូវគេសរសើរថា សុគន្ធកញ្ញា ពេលនេះស្អាតណាស់ សាច់ឡើងសខ្ចីនោះ។

ឱក សុគន្ធកញ្ញា បានផ្តាច់ស្នេហ៍ពីតន្ត្រីករលោករ៉េតធី ដូណា ដោយភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹង សុខលី ៨ឆ្នាំ ទើបពួកគេសម្រេចចិត្តដឹកដៃគ្នាចូលរោងការនៅពាក់កណ្តាលឆ្នាំ២០១៩ នេះ។

តារាច្រៀងរួមទ្រនំជាមួយឱក សុគន្ធកញ្ញា គឺសុគន្ធ និសា បានបញ្ចោញសារដ៏កម្រមួយ កាលពីពេលថ្មីៗនេះ ដោយចាត់ទុកសុគន្ធកញ្ញា ជាតារាដែលជោគជ័យគ្រប់យ៉ាងនៅឆ្នាំ២០១៩ នេះ៕

