តារាស្រអែមស្រស់ បាន មុនីល័ក្ខ ដែលផុតកុងត្រាជាមួយផលិតកម្មហង្សមាស នឹងរង់ចាំឡើងផ្សាភ្នែក ក្រែងថៅកែផលិតកម្មនេះហៅបន្តឱ្យកុងត្រាថ្មី តែគ្មានដំណឹងសូន្យឈឹងនេះ បានឱ្យដឹងថា ពេលនេះមានម្ចាស់ Sponsor នៅក្រៅស្រុក បានចាប់អារម្មណ៍ហៅនាងឱ្យទៅច្រៀងនៅក្រៅស្រុកច្រើន ប៉ុន្តែនាងចរចាមិនទាន់ត្រូវថ្លៃគ្នាឡើយ ទើបសម្រេចចិត្តចេញទៅច្រៀងរាំនៅប្រទេសកូរ៉េខាងត្បូង សិន កាលពីថ្ងៃទី២០ មេសា។

អតីតគូដណ្តឹង Dj Cake កញ្ញាមុនីល័ក្ខ បានឱ្យដឹងទៀតថា នាងគ្មានការព្រួយបារម្ភច្រើនចំពោះការបាត់បង់ទីផ្សារ ក្រោយពេលអស់សិទ្ធិជាតារាចម្រៀងហង្សមាស នោះទេ ព្រោះនាងនៅតែមានការងារធ្វើដូចមុនអ៊ីចឹង ដោយសារតែបទចម្រៀងរបស់នាងនៅតែចេញតាមយូធូប និងផេកផ្ទាល់ខ្លួន។

ប៉ុន្តែ មុនីល័ក្ខ សារភាពថា នៅតែចង់ធ្វើជាតារាចម្រៀងហង្សមាស តទៅទៀត ប្រសិនបើផលិតកម្មមួយនេះផ្តល់សញ្ញាភ្លើងខៀវឱ្យនាងបន្តស្នាក់នៅ ប៉ុន្តែការរំពឹងនោះ ហាក់ដូចជាកាប់បំពង់រង់ចាំទឹកភ្លៀងអ៊ីចឹង ព្រោះថា ហង្សមាស មិនបានហៅនាងទៅស៊ីញ៉េបន្តកុងត្រាថ្មីឡើយ។

បាន មុនីល័ក្ខ បានផ្តាច់ស្នេហ៍ពី Dj Cake កណ្តាលផ្លូវ បន្ទាប់ពី Dj រូបនោះ ប្រចណ្ឌស្រីស្រស់ខ្លាំងពេក ហើយអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១នេះ បានតាំងចិត្តយ៉ាងមុតមាំថា នាងនឹងមិនព្រមផ្សះផ្សាស្នេហ៍ជាមួយ Dj Cake ឡើយ បើទោះជា Dj រូបនោះ មើលទៅហាក់មិនទាន់ដាច់អាល័យស្នេហ៍ក្តី។

មុនីល័ក្ខ ថា ពេលនាងជួប Dj Cake គឺនៅនិយាយស្តីគ្នាធម្មតា គ្រាន់តែតាំងពីបែកគ្នាមក ពេលនេះកម្របានជួបលោក Dj Cake ណាស់ ហើយមិនមែននាងគេចមុខទេ តែមកពីគ្មានការងារដែលត្រូវជួបគ្នាដូចមុនទៀត។

តាមព័ត៌មានថា ក្រោយវិលត្រឡប់មកពីច្រៀងនៅកូរ៉េខាងត្បូង វិញ បាន មុនីល័ក្ខ នឹងត្រៀមដឹកដៃតារាចម្រៀងជេមស៍ ចេញទៅច្រៀងសម្តែងនៅអាមេរិក នៅរដូវធ្លាក់ភ្លៀងនេះ ខណៈដែលមានការសង្ស័យថា មុនីល័ក្ខ ចូលច្រៀងនៅសាន់ដេទៅហើយ ប៉ុន្តែលោកគឹម ផល្លី ជំនួយការផលិតកម្មសាន់ដេ បានប្រកែក៕

