ខេមរៈ សិរីមន្ត ដែលផ្អាកឡើងឆាកតន្ត្រីដល់ទៅ៣ខែ ដើម្បីកាន់ទុក្ខខេមរៈ ស្រីពៅ ដែលទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមករា នោះ បាននាំប្រពន្ធកូនទៅលេងមាត់សមុទ្រ ដើម្បីបន្ធូអារម្មណ៍តានតឹង ព្រោះនៅតែអាឡោះអាល័យដល់ស្រីពៅ ទាំងយប់ថ្ងៃនោះ។

តាមរយៈការដោះអាវដើរលម្ហែកាយ នៅឆ្នេរសមុទ្រនោះ ខេមរៈ សិរីមន្ត មានសុខភាពកាន់តែរឹងមាំ ពិសេសគឺសាច់ដុំឡើង ក្តៀនណែនក្រោយពេលដែលសិរីមន្ត បានសម្ងំនៅផ្ទះហាត់អាល់ទែរមួយរយៈនេះ។

ដោយឡែក នៅផ្នែកខាងលើចង្កេះវិញ សិរីមន្ត មានចាក់សាក់រូបខ្លាមើលទៅពិតជាធ្វើឱ្យភរិយា តារាចម្រៀងរូបនេះកាន់តែគ្រឺតក្នាញ់ខ្លាំងឡើង ស្របពេលដែលមិត្តភក្តិភរិយារបស់សិរីមន្ត បានហៅអ្នកនាងផល្លី ថា ជានារីមានសំណាងដែលមានប្តីជាតារាល្បី និងមានរូបរាងសង្ហា។

ចំណែកនារីទាំងឡាយដែលធ្លាប់តាមសិរីមន្ត ដល់ឆាក និងតែងចាប់ឱបថើបតារាល្បីនេះ ចាប់ផ្តើមលែងសូវហ៊ានដូចមុនទៀតហើយ ព្រោះខ្លាចភរិយាសិរីមន្ត ប្រចណ្ឌ ទើបពេលខ្លះគេឃើញសិរីមន្ត ចាប់ផ្តើមយកប្រពន្ធចូលរួមតាមបណ្តាកម្មវិធីផ្សេងៗច្រើនជាងមុន។

ខេមរៈ សិរីមន្ត បានព្យាយាមលាក់រឿងប្រពន្ធកូន ៩ឆ្នាំហើយ ទើបតែនៅឆ្នាំ២០១៩នេះទេ ដែលរូបគេបានសារភាពថា មានកូន៣ និងបានរៀបការកាលពីឆ្នាំ២០០៩។ ប៉ុន្តែការរៀបការនោះ មិនត្រូវបានមហាជនជឿជាក់ទាំងស្រុងឡើយ ព្រោះរូបថតអាពាហ៍ពិពាហ៍របស់សិរីមន្ត និងអ្នកនាងផល្លី មិនត្រូវបានបង្ហាញមួយសន្លឹកទេ ហេតុនេះហើយបានជាមហាជនចង់ឱ្យសិរីមន្ត រៀបការជាសាធារណៈដូចតារាល្បីៗផ្សេងៗទៀត ប៉ុន្តែសិរីមន្ត មិនហ៊ានធ្វើតាមសំណូមពរឡើយ។

ខេមរៈ សិរីមន្ត នឹងឡើងឆាកតន្ត្រីជាថ្មី វិញនៅថ្ងៃទី៦ ខែឧសភា បន្ទាប់ពីធ្វើបុណ្យគម្រប់១០០ថ្ងៃជូន ខេមរៈ ស្រីពៅ នៅថ្ងៃទី៥ ខែឧសភា ខណៈដែលចេតីយរបស់ស្រីពៅ ត្រូវបានជាងសាងសង់នៅវត្តសុវណ្ណមុនីសាគរ (សំរោងអណ្តែត) ជិតរួចរាល់ហើយ។

សិរីមន្ត បានឱ្យដឹងថា អំឡុងពេលកាន់ទុក្ខប្អូនស្រី៣ខែនេះ រូបគេបានចោលច្រៀង Concert មិនក្រោម៤០កម្មវិធីឡើយ បានន័យថា សិរីមន្ត ខាតជាង១០ម៉ឺនដុល្លារ ព្រោះច្រៀងមួយកម្មវិធីតម្លៃចាប់ពី៣ពាន់ដុល្លារ៕
