Friday, November 14, 2025
Homeតារាខ្មែរសួស វីសា សង្សាររំអុកសុំរៀបការតាមឱក សុគន្ធកញ្ញា

សួស វីសា សង្សាររំអុកសុំរៀបការតាមឱក សុគន្ធកញ្ញា

ចំណងស្នេហ៍ជាង៣ឆ្នាំ រវាងតារាចម្រៀងសំនៀងផ្អែម សួស វីសា និងប្រុសក្មេងរូបសង្ហា លោកប៊ុនថុល ប៊ុនថង ហៅថមមី នៅទីបំផុត វីសា ត្រូវប្រុសស្នេហ៍លុតជង្គង់សុំរៀបការកណ្តាលហ្វូងមនុស្សជាច្រើន ដែលធ្វើឱ្យតារាចម្រៀងផលិតកម្មរស្មីហង្សមាស រំភើបរហូតចង់រលេងរលោងទឹកភ្នែកទៀតផង។

ថមមី ដែលចាប់កាន់ដៃឆ្វេង សួស វីសា ជាប់នោះ បានប្រកាសថា “បងជាមនុស្សសាមញ្ញម្នាក់ មិនមានទ្រព្យសម្បត្តិអីដូចគេទេ តែបងមានចិត្តស្មោះចំពោះអូន បងចង់រៀបការជាមួយអូន។ តើអូនព្រមរៀបការជាមួយបងទេ ?”។

សួស វីសា រំភើបខ្លាំងណាស់ ព្រោះត្រូវប្រុសស្នេហ៍បង្ហាញភក្តីស្នេហ៍បែបនេះ ហើយតាមព័ត៌មានថា ការរំអុកចង់ចូលរោងការយ៉ាងតក់ក្រហល់របស់លោកថមមី នៅពេលនេះ គឺដោយសារលោកចង់រៀបការនៅឆ្នាំនេះ ឱ្យដូចឱក សុគន្ធកញ្ញា ដែរ ព្រោះតែថមមី បានដឹងថា វីសា មានប្រុសតាមស្រលាញ់ច្រើនណាស់ ហេតុនេះហើយ ទើបលោកមិនចង់ឱ្យវីសា ធ្លាក់ក្នុងដៃប្រុសផ្សេង ទើបត្រូវតែសម្រេចចិត្តបង្ខំម្ចាស់ស្នេហ៍ចូលរោងការឱ្យខាងតែបាន កាន់តែឆាប់កាន់តែល្អ។

ថមមី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ ថា “ខ្ញុំ និងវីសា ស្រលាញ់គ្នាជាច្រើនឆ្នាំហើយ តែពួកយើងមិនបានធ្វើពិធីភ្ជាប់ពាក្យ ឬកំណត់ពេលវេលាជាក់លាក់រៀបការទេ ដោយសារតែចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយ។ ខ្ញុំស្រលាញ់វីសា ដោយសារគាត់មានចំណុចល្អគ្រប់បែបយ៉ាងទាំងអស់ ដែលនារីដទៃទៀតមិនអាចមានដូចគាត់”។

សួស វីសា ធ្លាប់បានភ្ជាប់ពាក្យជាមួយតារាចម្រៀងមាស សាឡី តែបានចែកផ្លូវគ្នា កាលពីឆ្នាំ២០១០ អំឡុងពេលដែលវីសា ចូលផលិតកម្មហង្សមាស។ ពេលនេះ អតីតគូដណ្តឹងវីសា លោកសាឡី បានរៀបការចោលតារាចម្រៀងផលិតកម្មរស្មីហង្សមាស នេះទៅហើយ នៅឡើយតែវីសា នៅរារែកមិនទាន់សម្រេចចិត្តធ្វើជាកូនក្រមុំរបស់លោកថមមី ដោយសារនាងខ្លាចរៀបការជាចំហទៅ មានប្តីហើយ ធ្វើឱ្យអាជីពចម្រៀងរបស់នាងមានការប្រែប្រួល។

សួស វីសា ប្រាប់អ្នកយកព័ត៌មានយើងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ថា “បើរៀបការ រឿងប៉ះពាល់អាជីពវិញ ប្រាកដជាប៉ះ គេចមិនផុតទេ ទាំងខ្ញុំនិងលោកថមមី ព្រោះពួកយើងសុទ្ធតែជាអ្នកសិល្បៈដូចគ្នា។ មិនមែនខ្ញុំរារែកចិត្តរឿងរៀបការហ្នឹង ដោយសារតែខ្ញុំមានជម្រើសផ្សេងពីថមមី ទេ តែមកពីខ្ញុំគិតថា ឥឡូវហ្នឹងឱកាសយើងត្រូវរកលុយ គិតតែពីរឿងរកលុយសិនទៅ ដើម្បីឱ្យមានជីវភាពសមរម្យជាងនេះសិន ទើបរៀបការតាមក្រោយ ក៏មិនយឺតពេលដែរ។ ខ្ញុំមិនបានធ្វើពិធីភ្ជាប់ពាក្យអីទេ គឺបើចាំរៀបការគឺរៀបចំតែម្តង”។

សួស វីសា ថា ចំណុចពិសេសរបស់លោកថមមី ដែលនាងជ្រើសរើសយកប្រុសក្មេងនេះ ចោលប្រុសផ្សេងៗទៀត ដែលតាមស្រលាញ់នាងដែរ ដោយសារថមមី ដឹងចិត្តនាងគ្រប់យ៉ាងទាំងអស់ ហេតុនេះហើយ អ្វីដែលនាងចង់ធ្វើ គឺថមមី តែងតែសម្របខ្លួនតាមជានិច្ច៕

RELATED ARTICLES