ការបញ្ចេញសារប្លែកៗរបស់ថៅកែហាងរក្សាសម្រស់ ម៉ូលីកា ដែលទំនងជានាងចែកផ្លូវជាមួយសង្សាររូបសង្ហា លោកឆានុន នោះ ទីបំផុត អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ ហ៊ានអះអាងដោយជឿជាក់លើម្ចាស់ចិត្តរបស់នាង ដល់ទៅ100% ថា គ្មានរឿងបែកបាក់ ព្រោះត្រឹមសារនោះឡើយ។

ម៉ូលីកា ថា ទាំងនាង និងឆានុន ផ្ទាល់ ទទួលបានសារជាច្រើនពីមិត្តភក្តិ និងអតិថិជនប្រចាំហាងរបស់នាង ដោយពួកគេសួរថា តើនាងនិងសង្សារបែកគ្នាមែន ?

តារាសាច់សខ្ចីរូបនេះ អះអាងថា នាងនិងលោកឆានុន បានឆ្លើយតបវិញថា គ្មានរឿងអីដែលត្រូវចែកផ្លូវគ្នានោះទេ ព្រោះនាងនិងសង្សារបានតស៊ូជាមួយគ្នា3ឆ្នាំមកហើយ តាំងពីមានលុយត្រឹម300ដុល្លារ រកស៊ីលក់ជើងមាន់តាម Online រហូតដល់មានជីវភាពល្អប្រសើរដូចពេលនេះ តើរឿងអីដែលនាងត្រូវចែកផ្លូវគ្នាកណ្តាលទី ?

ដោយឡែក ការបញ្ចោញសារមុននេះរបស់ម៉ូលីកា ថា នាងត្រូវសង្សារមិនសូវយកចិត្តទុកដាក់ ហើយពេលនេះ នាងសូមចាប់ផ្តើមជីវិតថ្មី ដោយក្នុងដៃកាន់សុទ្ធតែក្រដាស100ដុល្លារ មួយបាច់ធំ ដែលមើលទៅមិនក្រោម 3ម៉ឺនដុល្លារនោះ ម៉ូលីកា ថា នាងគ្មានប្រុសណាមកឱ្យលុយមួយបាច់ដោយស្រួលៗទេ ហើយនាងក៏មិនស្រវាឱបលុយប្តូរស្នេហាដែរ តែលុយទាំងនោះកើតចេញពីការប្រឹងប្រែងរកស៊ីលក់ផលិតផលរក្សាសម្រស់ ដែលនាំចូលពីបរទេស ហើយតាំងពីមានហាងផ្ទាល់ខ្លួននៅមុខសាលាចតុមុខ មក ពេលនេះមានអតិថិជនកាន់តែគាំទ្រច្រើនទៅៗ។

អតីតតារាចម្រៀងផលិតកម្ម Rock ដែលទោះជាមមាញឹកការរកស៊ីយ៉ាងណា តែនាងមិនបោះបង់អាជីពចាស់ ដោយត្រៀមចេញបទចម្រៀងថ្មីៗឡើងវិញ ក្នុងពេលឆាប់ៗនេះ បញ្ជាក់ថា ដើម្បីឱ្យអស់មន្ទិលសង្ស័យថា នាងនិងលោកឆានុន មិនមានភាពរង្គោះរង្គើស្នេហ៍នោះ នាពេលខាងមុខនេះ នាងនឹងដឹកដៃម្ចាស់ស្នេហ៍ចូលរោងការតាមប្រពៃណីខ្មែរ នៅពេលវេលាសមស្របណាមួយជាមិនខាន៕


