តារាកំប្លែង CTN លោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤២ឆ្នាំ បានសម្រេចចិត្តបញ្ចប់អាជីពកំប្លែងចាប់ពីពេលនេះហើយ ដោយលោកសម្រេចចិត្តលះបង់អ្វីទាំងអស់ ដើម្បីបួសជាសង្ឃអស់មួយជីវិត ចាប់ពីពេលនេះតទៅ។

ការតាំងចិត្តផ្ញើខ្លួនជាព្រះសង្ឃរបស់នាយតាក់ស៊ី នៅពេលនេះ ដោយលោកអះអាងថា លោកមាននិស្ស័យក្នុងផ្លូវព្រះពុទ្ធសាសនា ហើយមិនអាចទ្រាំតទៅទៀតបានទេ ហេតុនេះហើយ គឺជីវិតចុងក្រោយនេះ ត្រូវតែលើកថ្វាយព្រះពុទ្ធព្រះធម៌ និងព្រះសង្ឃ ចាប់ពីពេលនេះតទៅ។
នាយតាក់ស៊ី បាននិយាយថា សម្រាប់ភរិយាលោកអ្នកនាងភីម គឺអាចមានសិទ្ធិរកស្វាមីទៅតាមចិត្តចង់ ដោយលោកមិនហាមឃាត់ទេ ព្រោះថា ការបួសលើកនេះ លោកបួសអស់មួយជីវិត អ៊ីចឹងហើយភរិយាលោកនៅក្មេងបែបនេះ អាចរកគូស្រករថ្មីទៀតបាន។

នាយតាក់ស៊ី អះអាងថា “ខ្ញុំមានគេកាន់ គេជំរុញឱ្យខ្ញុំទៅបួស ពេលនេះខ្ញុំមិនអាចទ្រាំបានទៀតទេ គឺជីវិតមាននិស្ស័យខាងព្រះពុទ្ធសាសនា ហើយចង់ធ្វើជាកូនរបស់ព្រះសម្មាសម្ពទ្ធនៃយើង។ ខ្ញុំសូមថ្វាយជីវិតចំពោះព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃនៃយើង។ ចំពោះភរិយាខ្ញុំវិញ គឺខ្ញុំបើកសិទ្ធិឱ្យគាត់ជ្រើសរកគូស្រករថ្មីតាមចិត្តគាត់ ប្រសិនបើគាត់ចង់មានគ្រួសារថ្មី ខ្ញុំមិនហាមឃាត់ទេ ព្រោះអីខ្ញុំបួសលើកនេះ គឺបួសអស់មួយជីវិត ខ្ញុំមិនសឹកមកវិញទេ”។
តាមព័ត៌មានថា មុនឈានទៅសម្រេចចិត្តសាងផ្នួសជាសង្ឃអស់មួយជីវិតនេះ នាយតាក់ស៊ី ក៏មានជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ គឺជំងឺទឹកនោមផ្អែម ដែលពេលខ្លះវាធ្វើទុក្ខលោក រហូតចង់ដួលសន្លប់លើឆាកកំប្លែង CTN ទៀតផង។ យ៉ាងណា ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយចំនួន ធានាព្យាបាលជំងឺទឹកនោមផ្អែមឱ្យនាយតាក់ស៊ី បានជាសះស្បើយឡើងវិញដែរ ប្រសិនបើលោកព្រមប្តូរចិត្តលែងបួស ហើយបន្តអាជីពកំប្លែងដូចមុនវិញ។

នាយតាក់ស៊ី បន្ថែមថា “ជាការពិត គឺខ្ញុំមានជំងឺទឹកនោមផ្អែមហ្នឹង ១០ឆ្នាំមកហើយ។ ពេលវាធ្វើទុក្ខខ្ញុំខ្លាំង ពេលខ្ញុំសម្តែងកំប្លែងនៅឆាក CTN ចង់ដួល ហើយខ្ញុំធ្វើជាដួលតែម្តង ក៏មានទស្សនិកជននៅពីមុខឆាក គាត់មិនដឹង ចេះតែសើចទៅ។ ចំពោះរឿងមានក្រុមគ្រូពេទ្យចង់ជួយព្យាបាលខ្ញុំនោះ គឺជាការពិត គាត់បានតេសួរ ចង់ជួយព្យាបាលខ្ញុំឱ្យជា ហើយគាត់សួរថា បើគេព្យាបាលខ្ញុំជាហើយ ខ្ញុំលែងបួស ហើយទៅលេងកំប្លែងវិញអត់ តែខ្ញុំប្រាប់ថា ខ្ញុំមិនអាចប្តូរចិត្តបានតទៅទៀតទេ គឺខ្ញុំត្រូវតែទៅបួសអស់មួយជីវិតហើយ”។
អ្នកស្រីលាភ សោភ័ណ្ឌ ហៅភីម ភរិយានាយតាក់ស៊ី បានសម្តែងការស្រណោះអាឡោះអាល័យចំពោះប្តីលាចាកទៅសាងផ្នួសចោល អស់មួយជីវិតនៅពេលនេះ ដោយអ្នកស្រីអះអាងថា ធ្លាប់មានប្រវត្តិកម្សត់កម្រជាមួយគ្នាជាង១០ឆ្នាំហើយ ពេលនេះប្តីចង់ទៅបួស អ្នកស្រីបានធ្វើការរារាំងជាច្រើនលើកច្រើនសាណាស់ តែមិនអាចឃាត់បាន មានតែតម្រូវតាមចិត្តស្វាមីទៅចុះ។

អ្នកស្រីភីម ថ្លែងថា “ខ្ញុំស្រលាញ់គ្នា៤ឆ្នាំ ទើបរៀបការជាមួយគាត់។ ពួកយើងរស់នៅជាមួយគ្នា១៥ឆ្នាំ បានកូនប្រុសម្នាក់ ឈ្មោះរឿង ជីវ័ន្ត អាយុ១៤ឆ្នាំហើយ ឥឡូវប្តីទៅបួសចោលខ្ញុំនិងកូន។ ខ្ញុំមិនអាចឃាត់គាត់បានទេ។ ខ្ញុំនិងប្តីធ្លាប់មានប្រវត្តិកម្សត់ជាមួយគ្នាច្រើន ដូចជា ជិះម៉ូតូទៅលេងល្ខោនពេលភ្លៀង ដេកហាលភ្លៀង ជិះម៉ូតូខូចកណ្តាលផ្លូវក៏មាន។ ឥឡូវគាត់ផ្ញើខ្លួនក្នុងព្រះពុទ្ធសាសនា ខ្ញុំឃាត់មិនបានទេ តែខ្ញុំក៏គ្មានគម្រោងយកស្វាមីថ្មីទៀតដែរ។ ខ្ញុំអរគុណដល់ម្ចាស់ហាងមីស៊ុបកូនកាត់ អ្នកស្រីគង់ វណ្ណា ដែលជាបងធម៌ខ្ញុំ គាត់ធានាជួយទំនុកបម្រុងកូននិងខ្ញុំពេលអត់ប្តីនេះ តាមរយៈការជួយកូនខ្ញុំឱ្យបានរៀនសូត្រ និងគ្រោងឱ្យខ្ញុំមើល ខុសត្រូវហាងគាត់មួយ ដើម្បីបានចំណូលពេល ប្តីសាងផ្នួសនេះ”។

នៅថ្ងៃសន្និសីទការសែតនៅហាងមីស៊ុបកូនកាត់ នៅកោះពេជ្រនោះ គឺឃើញមានតារាកំប្លែងនាយហុងដា និងតារាសម្តែងសាយ សៀរ៉ា ក៏បានទៅលើកទឹកចិត្តនាយតាក់ស៊ី និងនាងភីម ផងដែរ ហើយពួកគេមានអារម្មណ៍ សោកស្តាយដែលនាយតាក់ស៊ី បោះបង់អាជីពកំប្លែងត្រឹមឆ្នាំ២០១៩ នេះ៕