Tuesday, September 16, 2025
Homeតារាខ្មែរវី ឌីណែត សរសើរឡុង លីគ័ង្គ ថា នៅក្មេងទេ តែសមត្ថភាពមិនធម្មតាឡើយ

វី ឌីណែត សរសើរឡុង លីគ័ង្គ ថា នៅក្មេងទេ តែសមត្ថភាពមិនធម្មតាឡើយ

កូនស្រីលោកហួរ ឡាវី កញ្ញាវី ឌីណែត បានចេញមុខសរសើរក្មេងប្រុស ឡុង លីគ័ង្គ ដែលជាអតីតបេក្ខភាព The Voice Kids Cambodia ថា ទោះជានៅវ័យក្មេងមែន តែទឹកដមសំឡេង និងសមត្ថភាពមិនធម្មតាឡើយ។

ការលើកសរសើរលីគង្គ័ របស់កូនក្រមុំលោកហួរ ឡាវី នៅពេលនេះ បន្ទាប់ពីឌីណែត បានប៉ះលីគ័ង្គ នៅឆាកតន្ត្រីទូរទស្សន៍អាស៊ីអាគ្នេហ៍ ក្នុងកម្មវិធី “តន្ត្រី ICHITAN” កាលពីថ្ងៃទី២០ មេសា។ ប៉ុន្តែមិនមែនតែឌីណែត ទេ ដែលសរសើរចំពោះលីគ័ង្គ នោះ គឺមហាជនជាច្រើនក៏បានពេញចិត្តនូវសមត្ថភាពតារាចម្រៀងវ័យក្មេង ដែលជាអតីតកូនក្រុមលោកព្រាប សុវត្ថិ នេះផងដែរ បើទោះជាលីគ័ង្គ មិនបានលើកពាន ដោយសារមិនអាចប្រជែងឈ្នះពេជ្រ ថៃ ក៏ដោយ។

វី ឌីណែត ត្រូវបានហង្សមាស លើកស្ទួយឱ្យធ្វើតួឯកក្នុងរឿង “រាជបុត្រកង្កែប” ដែលប៉ះជាមួយលោកនី រតនា ហើយពេលនេះ នាងថា មិនទាន់ទទួលថតរឿងថ្មីទៀតឡើយ ព្រោះចង់បុកទៅលើចម្រៀងច្រើនជាង។

យ៉ាងណា ឌីណែត បានឱ្យដឹងដែរថា នៅពេលដែលហង្សមាស ទម្លាក់ឱ្យថតរឿងថ្មី ទោះជាមិនបានធ្វើជាតួឯកក៍នាងពេញចិត្តដែរ ដោយសារ មិនហ៊ានជំទាស់ជាមួយក្រុមហ៊ុនឡើយ។

ចំណែកលោកហួរ ឡាវី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ការថតភាពយន្តរបស់ឌីណែត គឺថតបានតែឱ្យហង្សមាស ប៉ុណ្ណោះ បើមានផលិតកម្មណាផ្សេងហៅថតកុន ក៏ឌីណែត ទំនងជាមិនទទួលទេ ព្រោះលោកចង់ឱ្យកូនស្រីផ្តោតលើអាជីពចម្រៀង ច្រើនជាងភាពយន្ត។

លោកឡាវី បញ្ជាក់ថា ពេលនេះ ឌីណែត វ័យ២៤ឆ្នាំ កំពុងមានសំឡេងពេញខ្លាំង តែបើមិនចេះថែទាំសំឡេងទេ អាចនឹងចុះវិញរយៈពេល២ឆ្នាំខាងមុខវិញជាមិនខាន ហេតុនេះហើយបានជាលោកធ្លាប់ឱ្យដំបូន្មានច្រើនចំពោះកូនស្រីក្នុងការច្រៀងឱ្យបានត្រឹមត្រូវ និងប្រើសំឡេងឱ្យបានល្អ៕

RELATED ARTICLES