Friday, November 14, 2025
Homeព័ត៌មានជាតិនាងប្រចណ្ឌគូដណ្តឹងពេក ជិះម៉ូតូឌុបមកលោតទឹកប្រូង

នាងប្រចណ្ឌគូដណ្តឹងពេក ជិះម៉ូតូឌុបមកលោតទឹកប្រូង

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥ និង១៧នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នារីរូបស្រស់ម្នាក់ មានចិត្តប្រចណ្ឌគូដណ្តឹងរបស់ខ្លួនយ៉ាងខ្លាំង​ បានសម្រេចចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួន ធ្វើឱ្យធ្លាក់បោកទៅនឹងជើងតាងស្ពានបាក់ឆ្អឹងខ្នង រងរបួសធ្ងន់ តែសំណាងល្អត្រូវបានគេជួយសង្គ្រោះទាន់ពេល។ ហេតុការណ៍នេះបានធ្វើឱ្យភ្ញាក់ផ្អើល នៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

នារីរងគ្រោះមានឈ្មោះហាក់ គន្ធា អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន និងមានស្រុកកំណើតនៅភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូឌុប មកស្ពានព្រះមុនីវង្សចាស់ លុះមកដល់លើស្ពាន រួចក៏ចុះឈរតោងបង្កាន់ដៃស្ពាន រួចលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកទាំងកំរោល ប៉ុន្តែមុននឹងធ្លាក់ចូលទឹក បានបោកខ្នងជាមួយនឹងជើងតាងស្ពានទៀតផង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រចាំការនៅខាងក្រោមស្ពានព្រះមុនីវង្ស ព្រមទាំងប្រជានេសាទ មានការភ្ញាក់ផ្អើល ហើយបានជួយអន្តរាគមន៍ចុះស្រង់នារីរងគ្រោះឡើងមកលើគោក បានរួចរស់ជីវិតមកវិញ។ ស្រាប់តែនារីរងគ្រោះគិតតែពីទួញយំ និងបាននិយាយយ៉ាងខ្លីថា នាងចង់ស្លាប់ ព្រោះតែខឹងគូដណ្តឹង គ្រាន់តែឱ្យលេខទូរស័ព្ទគូដណ្តឹងប៉ុណ្ណោះ។

ក្រោយមក សមត្ថកិច្ចបានទាក់ទងទៅបុរសជាគូដណ្តឹង ពេលនោះ បុរសគូដណ្តឹងបាននិយាយប្រាប់ថា សព្វថ្ងៃគាត់បាន មករស់នៅភ្នំពេញ ជួលបន្ទប់នៅជាមួយគ្នា និងថា ខាងស្រីប្រចណ្ឌច្រើន សូម្បីតែគាត់ដើរទៅណាឆ្ងាយ ឬទៅណាយូរ ក៏មិនបានដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រាប់ឱ្យខាងបុរសជាគូដណ្តឹង ជួយទាក់ទងក្រុមគ្រួសារឱ្យប្រញាប់មកមើលជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យ ផង៕

RELATED ARTICLES