Tuesday, September 16, 2025
Homeតារាខ្មែរសុគន្ធ និសា ទ្រាំធ្វើតួរង

សុគន្ធ និសា ទ្រាំធ្វើតួរង

សុគន្ធ និសា មិនអាចប្រជែងយកតំណែងលេខ១ នៅហង្សមាស បានទេ ក្រោយពេលដែលនាងមានស្វាមី ខណៈដែលឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែមានប្រៀបជាងនាងដដែលនៅពេលនេះ។

ការចុះខ្សោយរបស់សុគន្ធ និសា នៅពេលនេះ ក្រោយពេលដែលនាងគ្មានអតីតគូស្នេហ៍ លោកសុខ ជំនោរ នៅហង្សមាស ជាអ្នកធ្វើបទចម្រៀងឱ្យច្រៀងដូចមុន ទើបធ្វើឱ្យនិសា ពិបាកដណ្តើមភាពលេចធ្លោ ដូចកាលពីឆ្នាំ២០០៧។

អ្វីដែលធ្វើឱ្យនិសា ស្រងាកចិត្តនោះ គឺហង្សមាស បានដកតំណែងគ្រូបង្វឹក The Voice Kids Cambodia ពីនាង ជំនួសដោយសួស វីសា ហើយអ្នកជំនាញធ្វើបទភ្លេងនៅហង្សមាស និយាយថា ផលិតកម្មមួយនេះនឹងប្រគល់តំណែងផ្សេងឱ្យនាងកាន់វិញជាមិនខាន ប៉ុន្តែបើមិនឱ្យកាន់វិញទេ គឺមានន័យថា ហង្សមាស ចង់ទម្លាក់និសា មែនហើយ។

នៅពេលនេះ អ្វីៗបានលាតត្រដាងច្បាស់ហើយ ព្រោះសុគន្ធ និសា មិនបានកាន់តំណែងជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងថ្មីរបស់ហង្សមាស X Factor Cambodia នោះទេ ព្រោះហង្សមាស បានរុញឱក សុគន្ធកញ្ញា និងសុខ សីឡាលីន ឱ្យចាប់ដៃជាមួយខេមរៈសិរីមន្ត និងណុប បាយ៉ារិទ្ធ វិញ។

ការមិនបានប៉ះប៉ូវទៅលើសុគន្ធ និសា របស់ផលិតកម្មរស្មីហង្សមាស នៅពេលនេះ ធ្វើឱ្យមានការខ្សឹបខ្សៀវគ្នាពីសំណាក់តារាមួយចំនួនថា សុគន្ធ និសា អាចនឹងវិលទៅទ្រនំចាស់ផលិតកម្មថោន សាជាថ្មីវិញមិនខានឡើយ ព្រោះថោន បើកទ្វាររង់ចាំស្វាគមន៍និសា គ្រប់ពេលវេលាទាំងអស់។

ប៉ុន្តែការយល់បែបនេះ ត្រូវបានអ្នកដឹកនាំសម្តែងនៅផលិតកម្មរស្មីហង្សមាស ម្នាក់ បានទាត់ចោល ដោយអះអាងថា ទោះជាពេលនេះ និសា មិនសូវមានបទចម្រៀងល្បីៗដូចមុនមែន តែហង្សមាស លើកនិសា ឱ្យច្រៀងតាមបណ្តា Concert ធំៗ និងឱ្យធ្វើជាតួឯកបន្តបន្ទាប់ ដូច្នេះរឿងអីដែលនិសា ទៅថោន វិញ?

អ្នកដឹកនាំសម្តែងខារ៉ាអូខេ ដោយសុំមិនបញ្ចោញឈ្មោះនោះថា និសា នឹងមិនទៅថោន វិញទេ ហើយក្នុងពេលដ៏ឆាប់ៗខាងមុខនេះ នាងនឹងចេញទៅរស់នៅតាមស្វាមីនៅអាមេរិក ជាមិនខាន ហេតុនេះហើយ លោកជឿថា ហង្សមាស ជាទ្រនំចុងក្រោយរបស់និសា ។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយ លោកចៅ សម្បត្តិ (ហៅសាំបា) អាណិកជនខ្មែរ-អាមេរិក រស់នៅរដ្ឋឡូវែលល៍ ហើយពេលនេះ នាងមិនទាន់ពពោះកូនដំបូងឡើយ។

និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មុនពេលរៀបការ នាងបានត្រៀមចិត្តនិងកាយអស់ទៅហើយ ថា ទោះជាមានការគាំទ្របានប៉ុនណា ក៏នាងអាចទទួលយកបានដែរ គឺមិនចង់ប្រជែងជាមួយអ្នកណាទេ។ ចំពោះរឿងតំណែងនៅ The Voice Kids Cambodia វិញ មិនមែនហង្សមាស ដកនាងចេញទេ គឺនាងសុំឈប់ដោយខ្លួនឯង ដោយសារគ្មានពេលវេលាគ្រប់គ្រាន់ ហេតុនេះហើយ នាងមានរឿងអីដែលត្រូវអាក់អន់ចិត្តជាមួយហង្សមាស នោះ?

ដោយឡែក ចំពោះគម្រោងយកកូនប្រើវិញ និសា ថា មិនមែននាងខ្លាចធ្លាក់កូដទេ ប៉ុន្តែមកពីមិនទាន់ដល់ពេលយកកូនទៅតាមគម្រោង ទើបពេលនេះ នាងមិនទាន់មានដំណឹងល្អ។

សុគន្ធ និសា ឆក់បានតំណែងតួឯក៣រឿងជាប់គ្នានៅហង្សមាស គឺរឿង “សិសិររដូវក្នុងបេះដូង” , “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តរជាតក” ដែលការសម្រុកថតកុននេះ ត្រូវបានគេគិតថា និសា ចង់បន្សល់ស្នាដៃក្នុងភាពយន្ត មុនពេលដែលនាងដើរចេញពីសិល្បៈ។

សុគន្ធ និសា ធ្លាប់បង្ហើបថា ស្វាមីរបស់នាងចង់ឱ្យនាងលាឈប់ពីសិល្បៈ ប៉ុន្តែនាងបានប្រាប់មូលហេតុទៅប្តីថា មិនអាចឈប់នៅពេលនេះបានទេ ព្រោះនាងបានតស៊ូក្នុងអាជីពមួយនេះ ជាង១០ឆ្នាំមកហើយ អ៊ីចឹងត្រូវតែបន្តទៅទៀត ហើយការចាកចេញឬលាឈប់ ទាល់តែលែងមានការគាំទ្រពីបងប្អូន ទើបនាងព្រមដើរចេញ៕

RELATED ARTICLES