ខេត្តបាត់ដំបង ៖ ស្ត្រីចំណាស់ជាម្តាយបង្កើតរបស់បុរសម្នាក់ បានទួញយំទាមទាររកយុត្តិធម៌ជូនកូនប្រុសរបស់គាត់ ដែលត្រូវបានស្ត្រីជាប្រពន្ធចាក់សម្លាប់ ក្រោយពីកើតមានជម្លោះពាក្យសម្តីនឹងគ្នា កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចភូមិកំប្រង់សាមសិប ឃុំតាក្រី ស្រុកកំរៀង ដោយអះអាងថាកូនប្រសាស្រីដែលចាក់សម្លាប់ប្តីនោះ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាព ដើរហើរសេរី និងថែមទាំងផាត់ក្រែមថែមម្សៅ ដើររាំធុងបាស់ពេញភូមិយ៉ាងរំភើយ។
គួរបញ្ជាក់ថា ស្ត្រីដែលចាក់សម្លាប់ប្តីរបស់ខ្លួនក្រោយពីកើតមានទំនាស់ពាក្យសម្តីនឹងគ្នានោះ មានឈ្មោះថេត ធី អាយុ២០ឆ្នាំ។ រីឯបុរស រងគ្រោះជាប្តី មានឈ្មោះទី ផលឡាត់ អាយុ២៧ឆ្នាំ។ ប្តីប្រពន្ធទាំង២នាក់ខាងលើ ជាកម្មករ មានកូនតូចម្នាក់ក្នុងបន្ទុក មានលំនៅក្នុងភូមិកំប្រង់សាមសិប ឃុំតាក្រី ស្រុកកំរៀង។

ស្ត្រីឈ្មោះសួស ឡី ត្រូវជាម្តាយរបស់បុរសរងគ្រោះ ដែលត្រូវប្រពន្ធចាក់សម្លាប់ បានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រសាស្រីរបស់គាត់ ដែលបានចាក់សម្លាប់ប្តី ជាកូនប្រុសបង្កើតរបស់គាត់ ពេលនេះ ត្រូវបានតុលាការដោះលែងឱ្យរួចខ្លួន មានសេរីភាពដើរហើរយ៉ាងសប្បាយ និងថែមទាំងដើរតុបតែងខ្លួនធ្វើដូចក្រមុំ ចូលរាំធុងបាស់ពេញភូមិ និងបានថតរូបបង្ហោះហ្វេសប៊ុកទៀតផង ពោលគឺដើរសប្បាយដោយគ្មាននឹកស្រណោះ ស្តាយក្រោយ ឬភ័យខ្លួនជាប់ទោសពីរឿងសម្លាប់ប្តីនោះទេ។ ហើយកាលដែលគាត់បានដឹងថា កូនប្រសាស្រីរូបនេះ បានរួចទោស គឺដោយសារប៉ូលិសបានទូរស័ព្ទមកប្រាប់ ហើយសូម្បីតែឪពុកបង្កើតរបស់កូនប្រសាស្រីនោះ ក៏ទូរស័ព្ទមកប្រាប់គាត់ដែរថា នាងកំពុងតែសប្បាយដើររាំធុងបាស់ពេញភូមិ ទៅចាប់វាទៅ វានៅត្រង់នេះ នៅត្រង់នោះ និងថែមទាំងបានឱ្យទាំងរូបថតកូនប្រសាស្រីនោះ មកឱ្យគាត់មើលទៀតផង។

ដោយឡែក ស្ត្រីឈ្មោះថាវី បានរៀបរាប់ថា បន្ទាប់ពីពួកគាត់បាននាំយកសពប្អូនប្រុសមករៀបចំធ្វើបុណ្យរួចរាល់ ក៏នាំគ្នាឡើងទៅដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំពីដំណើររឿង និងចង់ដឹងថា គេដោះស្រាយយ៉ាងម៉េច ក៏ត្រូវប៉ូលិសនៅស្នងការ ប្រាប់ថា ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនប្អូនថ្លៃស្រីរបស់គាត់នោះ ទៅកាន់សាលាដំបូងខេត្តបាត់ទៅហើយ ស្រាប់តែមិនបានប៉ុន្មាន បែរជាតុលាការសម្រេចមិនចោទប្រកាន់ និងបានដោះលែងប្អូនថ្លៃនោះវិញ ដោយសំអាងថា នាងមានកូនតូចត្រូវមើលថែ ធ្វើឱ្យពួកគាត់ជាសាច់ញាតិរបស់ជនរងគ្រោះ កើតទុក្ខមិនសុខចិត្តសោះ មិនគួរណាឃាតករសម្លាប់ប្តី សម្លាប់ប្អូនប្រុសគាត់ បានរួចខ្លួនដោយគ្មានទោសទណ្ឌ អ្វីបែបនេះសោះ ចុះបើថា កូនតូចអត់មានអ្នកមើលថែ ចុះពួកគាត់ដែលជាសាច់ញាតិ ជាអ៊ំ ជាជីដូន ក៏អាចទទួលយកមកចិញ្ចឹមមើលថែបានដែរ។
ជុំវិញរឿងរ៉ាវខាងលើនេះ ទាំងស្ត្រីជាបងស្រី រួមនឹងម្តាយរបស់សពជនរងគ្រោះ បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេស តុលាការ មេត្តាពិនិត្យលើករណីនេះឱ្យបានច្បាស់លាស់ផង ព្រោះក្នុងនាមជាក្រុមគ្រួសារជនរងគ្រោះ ពិតជាមិនពេញចិត្តនឹងការសម្រេចដោះលែងជនដៃដល់ជាឃាតករនោះឡើយ។ ហេតុនេះ សូមតុលាការខេត្តបាត់ដំបង មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារ ពិសេសផ្តល់យុត្តិធម៌ជូនចំពោះសពដែលស្លាប់ទៅផង។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីស្ថាប័នសាលាដំបូងខេត្តបាត់ដំបងបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
គួររំលឹកថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្មប្រពន្ធចាក់សម្លាប់ប្តី បានកើតឡើងនៅចំណុចភូមិកំប្រង់សាមសិប ឃុំតាក្រី ស្រុកកំរៀង ដោយបុរសជាប្តី ទើបនឹងមកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ទាំងដែលប្រពន្ធកំពុងកាន់កូនកាំបិតជាប់ដៃ លុះពេលប្រតាយប្រតប់គ្នា ក៏ធ្វើឱ្យកូនកាំបិតជុងមុតបុរសជាប្តីចំដើមដោះ (កប់១កាំបិត) បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ។

ស្ត្រីដែលចាក់សម្លាប់ប្តីរបស់ខ្លួន មានឈ្មោះថេត ធី អាយុ២០ឆ្នាំ។ រីឯបុរសរងគ្រោះជាប្តី មានឈ្មោះទី ផលឡាត់ អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា អំពើហិង្សារវាងប្តីប្រពន្ធដែលឈានដល់ការចាក់សម្លាប់គ្នានេះ គឺផ្តើមចេញពីការប្រតាយប្រតាប់គ្នា ខណៈបុរសជាប្តី ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ។ ពេលដែលប្រតាយប្រតាប់គ្នានោះ គឺប្រពន្ធមានកាន់កូនកាំបិតនៅក្នុងដៃ ទើបបណ្តាលឱ្យចាក់ត្រូវប្តីចំដើមដោះខាងឆ្វេងមុតកប់តែម្តង។

លោកស្នងការរង បញ្ជាក់ថា បើតាមពិនិត្យ ទំនងស្ត្រីជាប្រពន្ធគ្មានចេតនាចាក់សម្លាប់ប្តីរបស់ខ្លួននោះទេ តែជាការជុងមុតដោយចៃដន្យ ពេលកំពុងប្រតាយប្រតាប់គ្នា។ ប៉ុន្តែបើតាមការស្រាវជ្រាវជាជំហានដំបូងរបស់សមត្ថកិច្ចជំនាញ ករណីខាងលើ អាចជាអំពើមនុស្សឃាតដោយអចេតនា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មិនមានអ្នកណាម្នាក់បានដឹងជាក់លាក់អំពីមូលហេតុនៃអំពើហិង្សាដ៏ធ្ងន់ធ្ងរនេះទេ គ្រាន់តែដឹងថា ពេលនោះបុរសជាប្តីហាក់ដូចជាស្រវឹងទោទន់ទៅហើយ ហើយពេលប្រតាយប្រតាប់គ្នានោះ គេឃើញស្ត្រីជាប្រពន្ធមានកាន់កូន កាំបិតចុងស្រួចនៅក្នុងដៃ ស្រាប់តែក្រោយមក មិនដឹងជាយ៉ាងម៉េច ក៏ឃើញកាំបិតបានជង់មុតចំដើមទ្រូងបុរសជាប្តី បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែជនរងគ្រោះមិនទាន់ស្លាប់ទេ លុះអ្នកភូមិ និងក្រុមគ្រួសារ ជួយបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនស្ត្រីជាប្រពន្ធ នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕