Saturday, November 15, 2025
Homeព័ត៌មានជាតិនាងរត់ទាំងធ្លាក់ឈាម... ប្តឹងប៉ូលិសចាប់ប្តីកំណាចចូលគុក

នាងរត់ទាំងធ្លាក់ឈាម… ប្តឹងប៉ូលិសចាប់ប្តីកំណាចចូលគុក

ខេត្តកណ្តាល៖ បុរសជាប្តីម្នាក់ត្រឡប់មកពីផឹកសុីទាំងអាការៈស្រវឹងអួលទីនួ ពេលមកដល់ផ្ទះបានរករឿងជេរបញ្ចោរប្រពន្ថដែលបានខ្ចីលុយគេ តែនារីជាប្រពន្ធមិនបានតបតអ្វីទេ ស្រាប់តែបុសជាប្តីក្តៅចិត្តបានវាយនារីជាប្រពន្ធដែលកំពុងពពោះកូនភ្លោះផងនោះ បណ្តាលឲ្យធ្លាក់ឈាម ហើយត្រូវនារីជាប្រពន្ធបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ឃាត់ខ្លួនបុរសជាប្តីនាំយកមកចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ជនសង្ស័យជាប្តី មានឈ្មោះ លុក ភណ័ ហៅ គុណ ភេទ ប្រុស មុខរបរបើករថយន្តដឹកឥដ្ឋ។ ចំណែកនារីរងគ្រោះជាប្រពន្ធ មានឈ្មោះ ភុន ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ (មានផ្ទៃពោះកូនភ្លោះ៦ខែ)។ ប្តីប្រពន្ធខាងលើនេះ ទីលំនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ និងនារីរងគ្រោះ គឺជាប្តីប្រពន្ធនឹងគ្នា ហើយបានមកជួលផ្ទះចំណុចកើតហេតុខាងលើ រយៈពេល១០ខែមកហើយ។ ការរស់នៅរបស់ប្តីប្រពន្ធគូនេះ មិនសូវចុះសម្រុងគ្នាប៉ុន្មានទេ ពោលគឺឲ្យជនសង្ស័យជាប្តីផឹកស្រាស្រវឹងតែងតែរករឿងជេរបញ្ចោរប៉ាតណីប៉ាណី ផ្អើលអ្នកជិតខាង។

ប្រភពពីសមត្ថកិច្ចដដែលបានបន្តថា លុះនៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលជនសង្ស័យជាប្តីត្រឡប់មកពីផឹកសុីស្រវឹងធ្លាក់ភ្នែកវិញ ពេលមកដល់ផ្ទះបានស្រែកឡូឡារករឿងជេរប្រមាថនារីរងគ្រោះដែលបានជំពាក់លុយគេ ប៉ុន្តែជនរងគ្រោះមិនតបតអ្វីនោះទេ ទុកឲ្យជនសង្ស័យជាប្តីនិយាយតែម្នាក់ឯងទៅ។ ស្រាប់តែជនសង្ស័យជាប្តីបានស្ទុះទៅវាយនារីរងគ្រោះជាច្រើនដៃ ត្រូវចំក្បាល មុខ ថ្ងាស និងពោះ ពេលនោះជនរងគ្រោះបានសំពះអង្វរ ប៉ុន្តែជនសង្ស័យជាប្តីមិនព្រមស្តាប់ឡើយ ថែមទាំងវាយនារីរងគ្រោះជាប្រពន្ធ ប្រហែល២០ដៃទៀត បណ្តាលឱ្យជនរងគ្រោះរងរបួសហើមពកថ្ងាស ហើមមុខខាងឆ្វេង ហើមភ្នែកខាងឆ្វេង ពកក្បាល និងមានឈាមហូរតាមទ្វារមាស។

បន្ទាប់ពីរងហិង្សាដោយសារស្នាដៃប្តីរួចមក នារីរងគ្រោះជាប្រពន្ធបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកតាមាក់ ដើម្បីឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ។

បច្ចុប្បន្ន ជនសង្ស័យជាប្តី សមត្ថកិច្ចកំពុងសួរនាំ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនិតិវិធី ។

RELATED ARTICLES