Saturday, November 15, 2025
Homeព័ត៌មានជាតិយាយអើយយាយ!!! ចំណាស់យាយគេទៅវត្តហើយ ចំណែកយាយនាំគ្នាលេងបៀរ វ៉ៃគ្នាទៀត

យាយអើយយាយ!!! ចំណាស់យាយគេទៅវត្តហើយ ចំណែកយាយនាំគ្នាលេងបៀរ វ៉ៃគ្នាទៀត

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់១ក្រុម ជុំគ្នាលេងបៀរ លុះដល់ចាញ់ ក៏ចាប់ផ្តើមផ្ទុះជម្លោះបែកផ្សែង រហូតឈានដល់អំពើហិង្សាវ៉ៃតប់គ្នា បណ្តាលឱ្យភាគីម្ខាងសន្លប់ដេកពេទ្យ ចំណែកភាគីអ្នកឈ្នះ ត្រូវបានប៉ូលិសចាប់ឃុំខ្លួន។ ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ភាគីជនដៃដល់ មានឈ្មោះគង់ ណាល់ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរនៅផ្ទះ ដើរលេងបៀ មានលំនៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកភាគីរងគ្រោះ មានឈ្មោះឃួន ភាង ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមេផ្ទះ និងលេងល្បែងស៊ីសង មានលំនៅភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ភាគីជនបង្កនិងជនរងគ្រោះ បានកំពុងលេងបៀជាមួយអ្នកផ្សេងៗទៀត លុះក្រោយមក ជនរងគ្រោះបានឈ្នះបៀ ពេលនោះ ភាគីបង្កឈ្មោះគង់ ណាល់ បានសួរថា ឈ្នះប៉ុន្មានទឹក? ភាគីរងគ្រោះឈ្មោះឃួន ភាង ក៏បានឆ្លើយតបថា អត់ភ្នែកមើលទេអី? ភ្លាមនោះ ក៏ចាប់ផ្តើមទាស់សម្តីគ្នា ស្រាប់តែអ្នកបង្កឈ្មោះគង់ ណាល់ បានចុះមករើសដុំថ្មគប់សំដៅមកលើភាគីជនរងគ្រោះចំត្រង់ចង្កេះ ធ្វើឱ្យកើតជាការប្រតាយប្រតប់គ្នា បណ្តាលឱ្យភាគីរងគ្រោះដួលផ្ងារក្រោយសន្លប់ឈឹងតែម្តង។

ភ្លាមនោះ ក្រុមអ្នកលេងបៀជាមួយគ្នា ក៏បានដឹកយកភាគីរងគ្រោះទៅដាក់កាន់មន្ទីរពេទ្យបង្អែក តែនៅតែមិនទាន់ដឹងខ្លួន ទើបក្រុមគ្រួសារមកដឹកយកទៅមន្ទីរពេទ្យផ្សេងទៀត ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកភាគីជនដៃដល់ ក៏ត្រូវបានប៉ូលិសមូលដ្ឋានចាប់ខ្លួនយកមកសួរនាំ និងឃុំខ្លួនភ្លាមៗដែរ ដើម្បីកសាងឯកសារទុកបញ្ជូនទៅឱ្យតុលាការ ដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ។ បច្ចុប្បន្ន ជនរងគ្រោះបានដឹងខ្លួនវិញហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ភាគីទាំង២ សុទ្ធតែមានទោសពីបទលេងល្បែងស៊ីសងខុសច្បាប់ដូចគ្នា ព្រោះល្បែង គឺជាដើមចមនៃការបង្កើតឱ្យមានអំពើចោរកម្មផ្សេងៗ និងអំពើហិង្សាផងដែរ ជាក់ស្តែងករណីខាងលើជាឧទាហរណ៍ស្រាប់៕

RELATED ARTICLES