ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានឃាតករចិត្តកំណាចកាប់ប្រហារជាច្រើនកាំបិត ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ យ៉ាងណា ចំពោះមូលហតុពិតប្រាកដ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានចាប់ខ្លួនឃាតករមកផ្តន្ទាទោសតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងត្រង់នៅចំណុចផ្ទះជួលបើកពេទ្យធ្មេញវុត្ថា ស្ថិតនៅម្តុំផ្សារត្រពាំងព្រាយ ផ្លូវលេខ១៥១ ក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។

យុវជនរងគ្រោះខាងលើ មានឈ្មោះធន់ រ៉ាវីន អាយុ១៩ឆ្នាំ សព្វថ្ងៃមកស្នាក់នៅជាមួយឪពុកមាឈ្មោះមឿន សុវត្ថា ជាពេទ្យធ្មេញនៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រគួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃមកស្នាក់នៅជាមួយឪពុកមាឈ្មោះមឿន សុវត្ថា ជាពេទ្យ ធ្មេញនៅចំណុច កើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវម្នាក់បានមកធ្វើធ្មេញ ពេលមកដល់មិនឃើញពេទ្យធ្មេញដែលត្រូវជាពូរបស់ជនរងគ្រោះនៅកន្លែងនោះទេ ក៏បានទូរស័ព្ទហៅ ខណៈដែលពេទ្យធ្មេញដេកនៅផ្ទះ នៅភូមិទួលសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ប្រភពព័ត៌មានបានបន្តថា ពេលដែលពូជនរងគ្រោះមកដល់ និងបើកទ្វារចូលទៅក្នុង ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ក្បែរគ្រែបាត់ទៅហើយ បង្កឲ្យមាការភ្ញាក់ផ្អើល និងបានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។

ប្រភពបានបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ យុរជនរងគ្រោះចេញទៅហូបការអ្នកភូមិដែលរស់នៅក្បែរនោះ ជំនួសពូរបស់ខ្លួន។ បន្ទាប់ពីផឹកសុីសប្បាយរួចមក នៅវេលាម៉ោងប្រមាណ៩យប់ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ និងបានទៅដើរលេងជាមួយសង្សាដល់យប់ជ្រៅ ទើបបានត្រឡប់ទៅដេកវិញ តែពុំដឹងថា ជនរងគ្រោះមានបញ្ហាជាមួយអ្នកណានោះទេ។ លុះព្រឹកឡើង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ដកិច្ចជំនាញបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព រួចបានសន្និដ្ឋានថា មុនពេលសម្លាប់យុវជនរងគ្រោះ អាចមានការប្រតាយប្រតប់គ្នា។

យ៉ាងណា មកដល់ពេលនេះ សមត្ថកិច្ចពុំទាន់អាចបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការកាប់សម្លាប់លើជនរងគ្រោះបាននៅឡើយទេ។ ប៉ុន្តែបើតាមសមត្ថកិច្ចសង្ស័យ អាចជារឿងគំនុំ ឬអាចផ្តើមចេញពីស្នេហាត្រីកោណ៕
