ខេត្តកំពង់ចាម ៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏បាននាំគ្នាទៅមើលល្ខោន រហូតដល់យប់ជ្រៅ ទើបត្រឡប់មកដេកក្នុងការដ្ឋានសំណង់វិញ លុះព្រឹកឡើង ដោយមិនឃើញក្រោករៀបចំខ្លួនធ្វើការ ទើបក្មួយប្រុសជនរងគ្រោះបានចូលទៅដាស់ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់រឹងស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចកន្លែងស្នាក់នៅក្នុងការដ្ឋានសំណង់ក្នុងវត្តមង្គលនាទី ស្ថិតក្នុងភូមិចុងកោះ ឃុំកោះអណ្តែត ស្រុកសន្ធរ។

បុរសរងគ្រោះដែលដេកស្លាប់ មានឈ្មោះសេង គឹមស៊ាប អាយុ៤០ឆ្នាំ បច្ចុប្បន្នធ្វើការសំណង់ និងស្នាក់នៅក្នុងទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ។
តាមការបំភ្លឺរបស់ឈ្មោះម៉ាង ម៉េងហៀង ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំខ្វិតធំ ស្រុកព្រៃឈរ ត្រូវជាក្មួយបង្កើតរបស់សព ដែលមកធ្វើជាងសំណង់ជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីរួចដៃពីការងារ ជនរងគ្រោះបានផឹកស្រាអស់ចំនួនកន្លះលីត្រ រួចក៏នាំគ្នាទៅមើលល្ខោន រហូតដល់ម៉ោងប្រហែល៩យប់ថ្ងៃដដែល ទើបនាំគ្នាត្រឡប់មកវិញ និងចូលដេករៀងៗខ្លួននៅកន្លែងធ្វើការ។

ប្រភពដដែលបន្តថា លុះដល់ព្រឹកឡើងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលរូបគេភ្ញាក់ពីដំណេក មិនទាន់ឃើញជនរងគ្រោះក្រោកទៀត ទើបនឹកឆ្ងល់ ក៏ចូលទៅដាស់ ដើម្បីឱ្យក្រោករៀបចំខ្លួនចេញទៅធ្វើការ ស្រាប់តែពេលទៅដាស់ ទើបដឹងថា ជនរងគ្រោះបានដេកស្លាប់រឹងស្តូកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
បន្ទាប់ពីទទួលព័ត៍មានភ្លាម កម្លាំងសមត្ថកិច្ចបានបង្កើតគណៈកម្មការចំរុះ មានក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីមណ្ឌលសុខភាពឃុំ ចុះធ្វើការត្រួតពិនិត្យសាកសព ឃើញថាផ្នែកក្បាលដងខ្លួន និងអវយវៈមិនមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ។

តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយខ្យល់គរ មិនមានពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌនោះទេ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕