ភ្នំពេញ ៖ ក្រោយពីសមត្ថកិច្ចព្យាយាមស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ប្រើពេលអស់ជាច្រើនម៉ោង លើករណីឃាតកម្មលើក្មួយគ្រូពេទ្យធ្មេញម្នាក់ សមត្ថកិច្ចបានសន្និដ្ឋានថា ឃាតករអាចជាមនុស្សស្គាល់គ្នា ហើយនៅលើខ្លួនសាកសពបានបង់សម្ភារមួយចំនួនទៀតផង។

សមត្ថកិច្ចជំនាញដែលកំពុងធ្វើកោសល្យវិច័យសាកសព បានសន្និដ្ឋានចុងក្រោយថា មុនពេលកើតហេតុ ឃាតករអាចផ្លោះចូលតាមបង្អួចផ្នែកខាងលិច ហើយបានវាយប្រតាយប្រតប់គ្នាជាមួយយុវជនរងគ្រោះ ពេលនោះយុវជនរងគ្រោះបានធ្លាក់ពីលើគ្រែ ជាឱកាសល្អ ឃាតករបានយកកាំបិតដែលលាក់ទុកជាស្រេច ចាក់លើយុវជនរងគ្រោះ ១០កាំបិត ចំត្រូង និងខ្នង ព្រមទាំងមានស្នាមរលាកដោយសារភ្លើងផងដែរ ទំនងជាឃាតករប្រុងដុតសាកសពជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាង។

សមត្ថកិច្ចបានបន្តថា ក្រោយពីធ្វើសកម្មភាពសម្លាប់យុវជនរងគ្រោះបានសម្រេច ឃាតករបានរត់តាមទ្វារក្រោយគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចក៏បានបញ្ជាក់ថា នៅលើខ្លួនសាកសពដែលមានទ្រព្យសម្បត្តិ ដូចជា ទូរស័ព្ទដៃ ម៉ាក OPPO មួយគ្រឿង និង កងដៃប្លាទីន១ខ្សែ ត្រូវបានបាត់បង់ផងដែរ។

តាមសមត្ថកិច្ចសន្និដា្ឋនចុងក្រោយថា ករណីឃាតកម្មខាងលើនេះ ឃាតករអាចជាអ្នកស្គាល់គ្នា ហើយមានគំនុំនឹងគ្នា ទើបធ្វើឲ្យឃាតករចាក់សម្លាប់ជនរងគ្រោះបែបនេះ ហើយឆ្លៀតយកយកទ្រព្យនៅជាប់សាកសព ដើម្បីបង្វែរករណីទៅជាចាក់សម្លាប់ប្លន់យកទ្រព្យ។

បច្ចុប្បន្ន សពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ឯខេត្តកំពង់ចាម។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពយុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខ កាប់សម្លាប់សុsខ្លួន បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងក្នុងភូមិត្រពាំងពាយ ជិតផ្សារពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះ មានឈ្មោះ ធុន រ៉ាវីន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅជាមួយពូដែលជាផ្ទះពេទ្យធ្មេញវុត្ថា៕