Saturday, November 15, 2025
Homeព័ត៌មានជាតិ៦ខែមុន គេសួររកគាត់ ស្រាប់តែពេលនេះអ្នកដកផ្សិត ឃើញលលាដ៍ក្បាល

៦ខែមុន គេសួររកគាត់ ស្រាប់តែពេលនេះអ្នកដកផ្សិត ឃើញលលាដ៍ក្បាល

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ១ក្រុម បាននាំគ្នាចូលព្រៃដើររកដកផ្សិត ស្រាប់តែប្រទះឃើញលលាដ៍ក្បាលនៅក្នុងព្រៃ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចម្ងាយពីផ្ទះប្រជាពលរដ្ឋ ប្រមាណ១៥០០ម៉ែត្រ ចំណុចការប៉ាយ ស្ថិតក្នុងភូមិពូទុង ឃុំចុងខ្លះ ស្រុកកែវសីមា។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីទទួលដំណឹងពីឈ្មោះយល់ នឿន ជាអ្នកដកផ្សិតអំពីការប្រទះឃើញលលាដ៍ និងឆ្អឹងមនុស្សនោះ កម្លាំងនគរបាលប៉ុស្តិ៍ចុងផ្លាស់ បានរាយការណ៍ទៅលោកអធិការ ដើម្បីសុំកម្លាំងជំនាញជួយចុះស្រាវជ្រាវ និងត្រួតពិនិត្យ។ ក្រោយពីកម្លាំងជំនាញបានមកដល់កន្លែងកើតហេតុនោះភ្លាម បានត្រួតពិនិត្យជុំវិញកន្លែងប្រទះឃើញលលាដ៍ក្បាលខ្មោច បានរុករកឃើញបន្ថែមដូចជា ខោជើងវែងពណ៌ ប្រផេះ១ ខោលីអូរហែក១ ឆ្អឹងកំភួនដៃ១គូ ឆ្អឹងដើមដៃ១ ឆ្អឹងស្លាបប្រចៀវ១ ឆ្អឹងស្មងជើង១គូ ឆ្អឹងភ្លៅ១គូ។

ក្នុងករណីនេះប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះ បានប្រាប់ថា ធ្លាប់ឃើញមនុស្សម្នាក់ (មិនស្គាល់អត្តសញ្ញាណ) និងស្ថិតក្នុងសភាពសតិមិនគ្រប់គ្រាន់ ចេះតែភ័យខ្លាចពីនេះពីនោះ ធ្លាប់ដើរទៅមកក្នុងភូមិសាស្ត្រខាងលើ តែក្រោយមកក៏បាត់ខ្លួននៅរយៈពេលប្រមាណ៤ទៅ៥ថ្ងៃ មុនចូលឆ្នាំចិន។

ប្រភពដដែលបន្តថា នៅក្រោយចូលឆ្នាំចិនរួច ក៏មានមនុស្សប្រុសស្រីចំនួន៦នាក់ (ប្រុស៤ ស្រី២)  បានមកសួរប្រជាពលរដ្ឋរស់នៅចំណុចខាងលើ ថាមានបងប្អូនណាឃើញប្តី និងឪពុកខ្ញុំទេ ព្រោះគាត់មកដើរធ្វើព្រូឡាន គាត់បាត់ខ្លួនយូរហើយ មិនឃើញទៅផ្ទះវិញទេ។ ពេលនោះ មនុស្សស្រីម្នាក់ក្នុងចំណោមនោះ ក៏បានរកគ្រូទាយមើលសន្លឹកបៀ ដើម្បីទាយរកប្តីគាត់ និងត្រូវគ្រូទាយ ប្រាប់ថាប្តីបងស្រីឯងធ្លាក់ដល់លេខសូន្យហើយ រកមិនឃើញទេ។ បន្ទាប់មកក្រុមគ្រួសារនោះបាននៅដេកក្នុងព្រៃ ចំនួន២ថ្ងៃ ដើម្បីរកប្តីដែរ តែនៅរកមិនឃើញ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញអស់ទៅ។

លោកឡេវ វិបុល នាយប៉ុស្តិ៍ឃុំចុងផ្លាស់បានបញ្ជាក់ថា សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា គ្រោងឆ្អឹងដែលប្រជាពលរដ្ឋប្រទះឃើញនោះ ពិតជាគ្រោងឆ្អឹងមនុស្សមិនគ្រប់សតិដែលប្រជាពលរដ្ឋ បានធ្លាប់ឃើញមុនចូលឆ្នាំចិន ពី៤ទៅ៥ថ្ងៃនោះពិតប្រាកដមែន។ ដូចនេះសពនោះ អាចស្លាប់បណ្តាលមកពីដើរវង្វេងក្នុងព្រៃដាច់អាហារ បណ្តាលឱ្យខ្យល់គរស្លាប់ ដោយពុំមែនជាករណីសម្លាប់ឬអ្វីផ្សេងនោះឡើយ។

បច្ចុប្បន្ន គ្រោងឆ្អឹងដែលបានរកឃើញទាំងនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES