បន្ទាយមានជ័យ ៖ ប្តីប្រពន្ធមួយគូ មានភ័ព្វសំណាងបង្កើតបានភ្លោះ៣ ដែលបានសម្រាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។
ស្ត្រីដែលសម្រាលបានកូនភ្លោះដល់ទៅ៣ មានឈ្មោះ ឱ ស្រីរ៉ង អាយុ២១ឆ្នាំ របរជាមេផ្ទះ ចំណែកប្តីមានឈ្មោះ អូន ញ៉ អាយុ១៩ឆ្នាំ មុខរបរជាងសំណង់។ សព្វថ្ងៃអ្នកទាំង២ រស់នៅក្នុងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។

បើតាមការឲ្យដឹងពីម្តាយកូនភ្លោះទាំង៣ បានប្រាប់ឲ្យដឹងថា គាត់និងប្តីបានរៀបការជាមួយគ្នារយៈពេល២ឆ្នាំមកហើយ ស្រាប់តែនៅវេលាយប់ ខណៈដែលនាងនិប្តីដេកលក់ស្កប់ស្កល់ នាងក៏យល់សប្តិឃើញគេយកខ្សែកមាស ឲ្យ៣ខ្សែ នាងបានយកទាំងអស់។

ម្តាយកូនភ្លោះទាំង៣ បានបន្តថា ចាប់ពីពេលយល់សប្តិនោះមក នាងក៏ចាប់ផ្តើមមានផ្ទៃពោះ តែមិនបានទៅឆ្លុះអេកូនអ្វីនោះដែរ ព្រោះតែប្តីប្រពន្ធនាងមានជីវភាពខ្សត់ខ្សោយ។ លុះនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នាងចាប់ផ្តើមមានអាការៈឈឺពោះ ភ្លាមៗនោះប្តីរបស់នាងបានបញ្ជូននាងមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប រហូតមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នាងក៏បានសម្រាលកូនភ្លោះដល់ទៅ៣នាក់ (ស្រី១ ប្រុស២) សុទ្ធតែមានសុខភាពល្អដូចគ្នា ទាស់តែកូនស្រីច្បងមានមាឌល្អិតបន្តិច។ យ៉ាងណា ក្រុមគ្រូពេទ្យបានឲ្យនាងសម្រាករយៈពេល១៨ថ្ងៃ ដើម្បីតាមានសុខភាពទាំងម្តាយនិងកូនៗ ពោលទើបចេញពីពេទ្យថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះទេ។

នាងឱ ស្រីរ៉ង បានបញ្ជាក់ថា កូនភ្លោះទាំង៣នោះ នាងបានដាក់ឈ្មោះអស់ហើយ ទី១. មានឈ្មោះ សួរ ស្រីពេជ្រ (ស្រី) ទី២. ឈ្មោះ សួរ បញ្ញារឹទ្ធិ (ប្រុស) និងទី៣. ឈ្មោះ សួរ បញ្ញារី (ប្រុស)។ នាងក៏សូមសំណូមពរដល់សប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភដល់ការខ្ចះខាតរបស់ប្តីប្រពន្ធគាត់ផង។

យ៉ាងណា គេសង្កេតឃើញថា មកដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នេះ មិនទាន់មានមន្ត្រី ឬសប្បុរសជនណាផ្តល់អំណោយនៅឡើយទេ៕