Sunday, November 16, 2025
Homeព័ត៌មានជាតិខ្មោចដុតឆេះម៉ដ្ឋ ក្រុមគ្រួសារមិនសុខចិត្ត មណ្ឌលរុញឲ្យទៅសួរវត្ត

ខ្មោចដុតឆេះម៉ដ្ឋ ក្រុមគ្រួសារមិនសុខចិត្ត មណ្ឌលរុញឲ្យទៅសួរវត្ត

ភ្នំពេញ ៖ បុរសម្នាក់ដែលជាអ្នកស្នាក់នៅក្នុងមណ្ឌលសង្គមកិច្ចរ្ចាជធានីភ្នំពេញ ត្រូវបានខាងមណ្ឌលអះអាងថា បានឈឺស្លាប់នៅមន្ទីរពេទ្យ ប៉ុន្តែមិនផ្តល់ដំណឹងដល់ក្រុមគ្រួសារ បែរជាដឹកសពទៅដាក់នៅវត្ត ធ្វើការបូជា លុះក្រុមគ្រួសារទៅដល់ សពត្រូវដុតឆេះហ្មត់ទៅហើយ ធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ប្តឹងសមត្ថកិច្ចឱ្យជួយស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅវត្តឬស្សីសាញ់ ស្ថិតក្នុងភូមិប្រកា សង្កត់ព្រៃស ខណ្ឌដង្កោ។

សាកសពមានឈ្មោះនួន រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី (ញៀនថ្នាំ) មានលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានក្រុមគ្រួសារនាំយកទៅដាក់នៅមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មកម៉្លេះ ដោយធ្វើឯកសារដាក់ជាជនអនាថា។

តាមប្រភពពីខាងមណ្ឌល បានរៀបរាប់ប្រាប់ដូចជាលាក់លៀមថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានកើតមានអាការចុកចុងដង្ហើម ហើយត្រូវបានខាងមណ្ឌលដឹកតាមរថយន្តមណ្ឌល យកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ពេលដឹកទៅដល់ ក្រុមគ្រូពេទ្យបានពិនិត្យរួចប្រាប់ថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ទើបខាងមណ្ឌលបានសុំ ឱ្យពេទ្យធ្វើឯកសារមរណភាព ដើម្បីយកទៅវត្តឫស្សីសាញ់ ដោយប្រាប់តាអាចារ្យរង់ចាំដល់ម៉ោង៣រសៀល ចាំបូជា តែតាអាចារ្យបូជាម៉ោង១រសៀលវិញ។

តាមការសាកសួរទៅខាងមន្ទីរពេទ្យ បានឱ្យដឹងថា ជនរងគ្រោះបានស្លាប់តាំងពីមុនចូលដល់មន្ទីរពេទ្យទៅទៀត ហើយខាងមណ្ឌល គ្រាន់តែសុំឱ្យជួយធ្វើឯកសារ ថាយកសពទៅធ្វើបុណ្យនៅវត្តឫស្សីសាញ់ ទើបគ្រូពេទ្យបានធ្វើតាមការស្នើសុំ។

ទោះជាយ៉ាងណាក្តី ក្រោយបែកធ្លាយជនរងគ្រោះស្លាប់ ក្រុមគ្រួសារតាមស្វែងរក ហើយទៅដល់វត្តឫស្សីសាញ់ ទាំងអារម្មណ៍ក្តុកក្តួល និងហួសចិត្ត មិនគួរណាខាងមណ្ឌលមិនផ្តល់ពត៌មានសោះ ហើយលោកតាអាចារ្យ លួចដុតសាកសពចោលខុសម៉ោងទៀត។

ករណីដោយមិនប្រក្រតីខាងលើ ក្រុមគ្រួសារជនរងគ្រោះមិនសុខចិត្តឡើយ រឿងរ៉ាវខាងលើ ប្រគល់ឱ្យសមត្ថកិច្ចស្រាវជ្រាវ និងជួយរក យុត្តិធម៌ សម្រាប់ជនរងគ្រោះ ព្រោះរឿងរ៉ាវហាក់មានការលាក់លៀមច្រើន មិនតែប៉ុណ្ណោះ ខណៈដែលសមត្ថកិច្ចចុះទៅសាកសួរដល់មណ្ឌល បែរជាខាងមណ្ឌលមិនអនុញាតិឱ្យចូលឡើយ ដោយប្រាប់ឱ្យទៅសួរនាំនៅវត្តវិញ៕

RELATED ARTICLES