ខេត្តមណ្ឌលគិរី ៖ យុវជនម្នាក់បានបណ្តើរក្មេងស្រី២នាក់ ចុះទៅងូតទឹកទន្លេ លុះទៅដល់ យុវជនរងគ្រោះបានចុះងូតទឹកតែម្នាក់ឯង ស្រាប់តែផុងជើងចូលទឹកជ្រៅបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ឃើញបែបនេះ យុវតីទាំងម្នាក់ ដែលទៅជាមួយ បានស្ទុះចុះទៅជួយ ស្រាប់តែលង់ទឹកដែរ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចកោះខ្សាច់ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក។
យុវជនរងគ្រោះដល់ស្លាប់ មានឈ្មោះគក់ គឹមស៊្រី អាយុ១៩ឆ្នាំ មុខរបរជាសិស្សសាលា មានលំនៅក្នុងភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក។ ចំណែកយុវតីរងគ្រោះ មានឈ្មោះឆាត ស្រីលក្ខ័ អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក។ ដោយឡែកយុវតីដែលរួមដំណើរម្នាក់ទៀត ពុំស្គាល់អត្តសញ្ញាណនោះឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ និងយុវតីទាំង២នាក់ខាងលើ បាននាំគ្នាដើរទៅងូតទឹកទន្លេ នៅចំណុចកើតហេតុខាងលើ។ លុះទៅដល់ យុវជនរងគ្រោះ ក៏បានចុះទៅងូតទឹកនៅកណ្តាលទន្លេតែម្នាក់ឯង ចំណែកយុវតី២នាក់ទៀត ចុះងូតនៅកន្លែងទឹករាក់។ ស្រាប់តែបន្តិចក្រោយមក ស្រាប់តែយុវជនរងគ្រោះបានផុងជើង និងលិចចូលក្នុងទឹកបាត់តែម្តង។ ឃើញបែបនេះ យុវតីម្នាក់ក្នុងចំណោមពីរនាក់ បានស្ទុះទៅជួយ ហើយក៏លង់ទឹកដែរ។ តែសំណាងល្អ ភ្លាមនោះ មានអ្នកនេសាទនៅក្បែរនោះ ប្រទះឃើញក៏បានទៅជួយស្រង់យុវតីរងគ្រោះ បានរួចរស់ជីវិត រួចក៏ផ្តល់ដំណឹងដល់ក្រុមគ្រួសារយុវជនរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ច បានជួយចុះរាវរកសាកសពយុវជនរងគ្រោះ រហូតទាល់តែឃើញ ទើបស្រង់ឡើងមកលើគោក ដឹកត្រឡប់ទៅផ្ទះ។ បន្ទាប់មកសមត្ថិច្ចក៏បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា យុវជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕