ព្រាប សុវត្ថិ , ឆន សុវណ្ណារាជ , នីកូ , ពេជ្រ សោភា , ពេជ្រ សូលីកា, នាយក្រឹម ជាដើម ពេលថតសម្ដែងMV ម្ដងៗ អ្នកដែលនៅពីក្រោយខ្នងភាពស្អាតរបស់ពួកគេ គឺកញ្ញា Roth Make Up ដែលនារីវ័យ៣០ឆ្នាំរូបនេះ អះអាងដោយអារម្មណ៍រំភើបថា នាងមានមោទកភាពខ្លាំងណាស់ នៅពេលដែលចាប់អាជីពនេះ រយៈពេល៨ឆ្នាំមកហើយ ប៉ុន្តែបានទទួលការចាប់អារម្មណ៍ខ្លាំង នៅរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ។

កញ្ញារ័ត្ន ប្រាប់ថា មនុស្សជាច្រើនចង់ថត Selfie ជាមួយ Idol របស់ពួកគេ ប៉ុន្តែនាងវិញមិនត្រឹមតែបាននៅជិតតារាល្បីៗទាំងនោះទេ ថែមទាំងបានផាត់មុខឲ្យពួកគាត់ទៀត ហេតុនេះហើយបានជានាងពេញចិត្តចំពោះអាជីពមួយនេះ។

ក្រៅពីជាអ្នកផាត់មុខដ៏ជំនាញ ដោយនៅជិតតារាចម្រៀងល្បីៗរបស់ផលិតកម្មរស្មីហង្សមាសស្ទើរគ្រប់ដួងនោះ Roth Make Up ក៏ធ្លាប់ផាត់មុខឲ្យតារាសម្ដែង ក្នុងរឿង ”ប៉ុបពីទៅហូលលីវូដ”, ”ម្ជុលបាទសមុទ្រ” និងរឿងជាច្រើនទៀត ពិសេស គឺរឿងប្រជុំទៅដោយតារាល្បីៗជាច្រើនដួង ”កូនពស់កេងកង” របស់ផលិតកម្មរស្មីហង្សមាស។

កញ្ញារ័ត្ន ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ រូបនេះ បន្ថែមថា ក្រៅពីធ្វើការជាអ្នកផាត់មុខនៅផលិតកម្មរស្មីហង្សមាស នោះ កន្លងមក នាងក៏ធ្លាប់បម្រើរការនៅផលិតកម្មភូមិពេជ្រ, Red Picture, CTN និងចេញផាត់មុខតាមថតMV និងសម្អាងការមួយចំនួនផងដែរ។

កញ្ញារ័ត្ន បានបន្តថា ពេលមានការសម្រុកថតភាពយន្ដកាន់តែច្រើន គឺនាងមានការងារធ្វើកាន់តែច្រើន ហើយមនុស្សពេលនេះ មិនថាតែតារាទេ អ្នកណាក៏ចង់ស្អាតដែរ អ៊ីចឹងគឺអាជីពរបស់នាងមានទីផ្សារល្អ ខណៈរឿងដែលសំខាន់បំផុត គឺការផាត់មុខឲ្យគេស្អាត គឺត្រូវតែស្អាត ដើម្បីឲ្យអតិថិជនទុកចិត្ត មិនមែនគេចង់ស្អាត យើងបែរជាផាត់មុខឲ្យគេអាក្រក់នោះទេ៕


