ភ្នំពេញ ៖ បុរសចំណាស់សក់២ពណ៌ម្នាក់ មិនគិតគូចូលវត្តវ៉ារក្សាសីលទាន បែរជាវក់នឹងគ្រឿងញៀន ដើរជក់វក់វីជាមួយក្មេងស្ទាវ រហូតធ្លាប់ក្រុមគ្រួសារប្តឹងប៉ូលិសចាប់ដាក់មណ្ឌល ច្រើនដងមកហើយ តែមិនរាងចាល លុះក្រោយពីជក់ថ្នាំញៀនរួច ផឹកស្រាស្រវឹងក៏ត្រឡប់មកដល់ផ្ទះវិញ ខឹងយាយ (ប្រពន្ធ) ដេញឱ្យចូលវត្តសន្សំសីលទាន ស្រាប់តែផ្ទុះកំហឹងស្ទុះវាយប្រពន្ធបណ្តាលឱ្យប៉ោងក្បាល ទីបំផុត ប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់អូសកប្តីកំណាច យកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារ ប្តីវ៉ៃប្រពន្ធប៉ោងក្បាលនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យជាប្តី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហោ ឆាយ អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិឧកញ៉ាអុង ឃុំឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ជាមនុស្សងប់ងុលគ្រឿងញៀន និងស្រា។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ ណុប សារី អាយុ៥៤ឆ្នាំ មានស្រុក កំណើតនៅឯខេត្តក្រចេះ។ យាយតាទាំង២នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីលោកយាយរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ម្នាក់នេះ ដូចជាជ្រុលពេកហើយ អស់គេវ័យនេះ សមល្មមចូលវត្តរកសីលទាន តែតារបស់គាត់វិញ បែរជាព្រើល មិនបានសន្សំសីលទាន មកសន្សំតែគ្រឿងញៀនទៅវិញ មិនចាញ់ក្មេងមួយចំនួនឡើយ តែងដើរផឹកស៊ី ជក់ថ្នាំញៀនរករឿង បង្កហិង្សាក្នុងគ្រួសារ ប៉ូលិសចាប់ដាក់មណ្ឌលច្រើនលើកហើយ នៅតែមិនព្រមរាងចាល។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះ ប្តីកំណាចរូប នេះ បានប្រើអំពើហិង្សាវាយទាត់ធាក់ គាត់ជាប្រពន្ធ បណ្តាលឱ្យរងរបួសយ៉ាងដំណំ រហូតដល់គាត់ទ្រាំលែងបាន ក៏ប្តឹងប៉ូលិសចុះទៅដល់ផ្ទះ ស្រាប់តែតាកំហូចរត់គេចបាត់។ លុះមកដល់រសៀលថ្ងៃដដែល ដោយសារតែខឹងនឹងគាត់ប្តឹងប៉ូលិសចាប់ ស្រាប់តែប្តីកំណាចបានស្ទុះមកវាយ គាត់ប៉ោងក្បាលសារជាថ្មី ទើបគាត់ប្តឹងប៉ូលិសចុះមកម្តងទៀត រត់លែងរួច ត្រូវប៉ូលិសចាប់វ៉ៃខ្នោះនាំខ្លួនទៅប៉ុស្តិ៍។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកលោកយាយជាប្រពន្ធវិញ បានបោះសម្តីថា បើឱ្យតាចូលគុក កាន់តែយូរកាន់តែល្អ ព្រោះតានេះមិនចេះរាងចាលសោះកន្លងមក”