ខេត្តកំពង់ធំ ៖ លោកអ៊ុក កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ថ្មីៗនេះ បានបញ្ចាឱ្យឃាត់រថយន្តដឹកទ្វារបង្អួច១គ្រឿង សង្ស័យថា បង្កប់ឈើប្រណិតពីក្រោម ដោយមិនមានច្បាប់ត្រឹមត្រូវ និងបាននាំទៅដល់ស្នងការដ្ឋារនគរបាលខេត្តកំពង់ធំ ព្រមទាំងបំពេញនូវនីតិវិធីតាមច្បាប់ រួចប្រគល់ជូនទៅកាន់មន្ត្រីជំនាញ សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ដើម្បីចាត់ការបន្ត ប៉ុន្តែបែរជាលេចឮថា ឈើទាំងនោះមានច្បាប់ទៅវិញ រួចក៏លួចដោះលែងស្ងាត់ៗទៅ។

តាមប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ឈើបានមើលត្រឹមតែពីខាងក្រៅ ឃើញមានតែឈើក្តារផ្តៀកប៉ុណ្ណោះ ប៉ុន្តែនៅខាងក្នុង មិនដឹងថា មានអ្វីខ្លះទៀតនោះទេ ព្រោះខាងជំនាញខាងរដ្ឋបាលព្រៃឈើ ជាអ្នកចុះធ្វើ។

ក្រោយពីដឹងដំណឹងបែបនេះ អ្នកសារព័ត៌មានបានធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ទៅកាន់លោកតុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ហើយលោកបានឆ្លើយថា លោកមិនបានដឹងដំណឹងនេះទេ ហើយលោកបានប្រាប់អ្នកសារព័ត៌មាន ឱ្យធ្វើការទំនាក់ទំនង ទៅកាន់សង្កាត់វិញ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មាន បានធ្វើការទំនាក់ទំនងទៅកាន់លោកពីជ អៀង នាយរងសង្កាត់កំពង់ស្វាយ ហើយលោកបានលើកទូរស័ព្ទ តែលុះពេលដែលធ្វើការសាកសួរនូវការអនុវត្តនីតិវិធីនេះ បែរជាចុចទូរស័ព្ទបិទទៅវិញ។

ការឃាត់រថយន្តដឹកឈើនេះ គឺនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដេប៉ូឈើ ឈ្មោះ ចែ លីន ដែលនៅក្នុងទីរួមខេត្តកំពង់ធំ។

គួរបញ្ជាក់ផងដែលថា បច្ចុប្បន្ននៅខេត្តកំពង់ធំ ដេប៉ូជាច្រើនកន្លែងតាមដងផ្លូវជាតិ និងតាមមាត់ស្ទឹង បានប្រមូលទិញឈើឥតច្បាប់ តាមគោយន្កកន្ត្រៃ រ៉ឺម៉កម៉ូតូ និងតាមរថយន្តសាំងយ៉ុង ព្រមទាំងរថយន្តកូរ៉េធំៗផងដែរ ក្នុង នោះ គឺដេប៉ូចែអូន ទទួលទិញបង្ហាញបង្អួតតាម ផ្លូវជាតិ បំបែកសៀមរាបព្រះវិហារ។ ហើយ ប្រជាពលរដ្ឋដាក់សំនួរថា តើការដឹកជញ្ជូនផលអនុផលខុសច្បាប់ខាងលើ ចូលដាក់តាមដេប៉ូក្នុងខេត្តកំពង់ធំ ជាច្រើនកន្លែងនេះ សមត្ថកិច្ចជំនាញក៏ដូចជាអាជ្ញាធរខេត្ត បានជ្រាបជាដំណឹង ដែលឬទេ? បើអស់លោកឆ្លើយថាមិនដឹង អ្នកណាជាអ្នកដឹង? ហើយលោកដឹកនាំខេត្តរបៀបម៉េច?៕

