ភ្នំពេញ ៖ បុរសម្នាក់បានចាកចេញពីផ្ទះ ប្រាប់ប្រពន្ធកូនថា ទៅលេងខេត្តព្រះសីហនុ រួចក៏បាត់ដំណឹងសូន្យឈឹង សូម្បីតែទូរស័ព្ទក៏ខលលែងចូល ស្រាប់តែក្រោយមក បែរជាទទួលដំណឹងថា បុរសជាប្តី និងឪពុករូបនេះ បានលួចទៅរៀបការប្រពន្ធថ្មីនៅខេត្តកំពតទៅវិញ ជាហេតុធ្វើឱ្យក្រុមគ្រួសារ ប្រពន្ធកូនខឹង ក៏ប្រកាសហៅឪពុក ឱ្យចូលខ្លួនមកដោះស្រាយបំណុលធនាគារ ដើម្បីបញ្ចប់បញ្ហា។

តាមសម្តីស្ត្រីឈ្មោះស៊ុន អ៊េង អាយុ៤៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា ប្តីរបស់គាត់ឈ្មោះរស់ ស៊ីណារ៉ា អាយុ៤៤ឆ្នាំ បានចាកចេញពីផ្ទះតាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩មកម៉្លេះ ដោយជិះម៉ូតូ១គ្រឿងទៅជាមួយផង និងប្រាប់ថា ទៅលេងផ្ទះបងប្អូននៅកំពង់សោម តែបែរជាឮថា ទៅលួចការជាមួយស្រីថ្មី ចោលប្រពន្ធកូន នៅខេត្តកំពតទៅវិញ។ ទើបធ្វើឱ្យកូនស្រីរបស់គាត់បានប្រកាសអំពាវនាវដល់អ្នកដែលប្រទះឃើញឪពុករបស់គេ ជួយផ្តល់ដំណឹងមកឱ្យក្រុមគ្រួសារគាត់ផង តាមរយៈលេខទូរស័ព្ទ ០១៧ ២៧០ ០២៣ ដើម្បីឱ្យប្តី និងឪពុកម្នាក់នេះ ចូលខ្លួនមកដោះស្រាយពីរឿងបំណុលធនាគារ និងជាពិសេស ម៉ូតូ១គ្រឿង ដែលគាត់ជិះទៅ គឺទិញបង់រំលោះធនាគារ។ ម៉្យាងទៀត ពួកគាត់ជាប្រពន្ធកូនចង់ឱ្យប្តីថ្ងៃក្រោយ កុំមករករឿងកូនៗនិងប្រពន្ធតែប៉ុណ្ណោះ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sovan Tey Ros កាលពីពេលថ្មីៗកន្លងទៅ បានបង្ហោះសារថា “ដំណឹងបាត់ឪពុកឈ្មោះរស់ ស៊ីណារ៉ា អាយុ៤៤ឆ្នាំ បាត់តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ ដោយជិះម៉ូតូខាងក្រោមទៅជាមួយ ដោយប្រាប់ថា ទៅលេងបងប្អូននៅកំពង់សោម គ្រួសារបាត់ដំណឹង កូនៗបាត់ឪពុក ប្រពន្ធខ្វះប្តី បាត់ភាពកក់ក្តៅ កូនស្រីពៅបាក់ទឹកចិត្តរៀនមិនចូល បើអ្នកបានឃើញ សូមផ្តល់ដំណឹងដល់ក្រុម គ្រួសារនាងខ្ញុំផង ម្តាយខ្ញុំកំពុងឈឺ លេខទំនាក់ទំនង ០១៧ ២៧០ ០២៣…”។

ដោយឡែក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ម្ចាស់គណនីខាងលើ បានបង្ហោះរូបភាពចំនួន២សន្លឹក បង្ហាញពីស្ថានភាពស្ត្រីជាម្តាយ ដែលរងរបួសរលាកផ្ទៃមុខ និងពកថ្ងាសយ៉ាងធំ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយបញ្ជាក់ថា ស្ត្រីជាម្តាយបានរងរបួសដោយសារចោរឆក់ អំឡុងពេលដែលម្តាយកំពុងជិះម៉ូតូតាមស្វែងរកឪពុក។

ជាមួយនេះ ម្ចាស់គណនីខាងលើ ក៏បានបង្ហោះសារមួយផងដែរថា ”រាល់ស្នាមរបួស និងការឈឺចាប់ ទឹកភ្នែករបស់ម៉ាក់អញ អញចងចាំទុក ហើយសងពួកសណ្តានឆ្កែវិញ ម៉ាក់មិនសុខ អញក៏មិនឱ្យសុខដែរ ម៉ាក់ហា ខំឡើង ឈប់គិត ឈប់ខូចចិត្ត នឹងរឿងចោលម្សៀត ចឹងៗ ថែខ្លួនណាម៉ាក់ កូននៅមើលថែម៉ាក់ឱ្យល្អ ជឿទៅម៉ាក់ មានថ្ងៃអស់លក្ខណ៍ទេ កម្មមានពិតលើលោក គេធ្វើដាក់ម៉ាក់ប៉ុណ្ណា គេជួបវិញ លើសនឹង១ម៉ឺនដង ឈឺចាប់រាប់សែនដង ទៅចុះប៉ា ប៉ាបានសុខហើយជាមួយស្រីថ្មី តែចាំថា ម្តាយខ្ញុំមិនដែលរស់នៅ ដោយសារប្រុសដូចប៉ា និយាយទេ ច្រលំហើយ ថែក្តីសុខមួយនោះ កុំឱ្យវិនាស មើលប្រពន្ធក្រោយស្រីសាភីនីមួយឱ្យល្អ រកលុយឱ្យវាច្រើនណាប៉ា នឹងហើយក្តីសុខរបស់ប៉ា សមដូចចិត្តហើយ ចោលគ្រួសារទៅរស់នៅជាមួយស្រី ប៉ាក៏ឈឺ សង្ឃឹមថាគេថែប៉ាដូចការនៅមួយម៉ាក់ ម៉ាក់ខ្ញុំមាំនសេរីភាពហើយ…”។

ជុំវិញរឿងរ៉ាវមួយនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសឈ្មោះរស់ ស៊ីណារ៉ា បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕