Sunday, November 16, 2025
Homeព័ត៌មានជាតិយីសចោរនេះ!!! ចូលទៅបាន រកផ្លូវចេញវិញមិនបាន

យីសចោរនេះ!!! ចូលទៅបាន រកផ្លូវចេញវិញមិនបាន

ភ្នំពេញ ៖ ចោរហារយម្នាក់ ថ្លើមធំហ៊ានចូលទៅលួចគ្រឿងអលង្ការ និងលុយ នៅក្នុងភូមិគ្រឹះមួយកន្លែង បានសម្រេចហើយ ក៏ជួបសំណាងអាក្រក់ ម្ចាស់មកទាន់ចាប់ខ្លួនប្រគល់ឱ្យប៉ូលិស កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅវីឡាមួយកន្លែង លេខ១៣៣ តាមផ្លូវបេតុងអង្គតាមិញ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះធី ខ្មៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកម្ចាស់ផ្ទះរងគ្រោះឈ្មោះញ៉ែម មេត្រី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរវិស្វករសំណង់ រស់នៅផ្ទះកើតហេតុ ។

តាមសម្តីម្ចាស់ផ្ទះ បានឱ្យដឹងថា មុនកើតហេតុ គាត់ជាប់រវល់ការងារនៅជ្រុងម្ខាងផ្ទះ លុះដើរចូលក្នុងផ្ទះ ស្រាប់តែប្រទះឃើញជនសង្ស័យ ក៏ស្រែកឆោឡោចាប់បានភ្លាមៗ រកឃើញគ្រឿងអលង្ការ លុយកាក់របស់ខ្លួនដែលដាក់នៅក្នុងបន្ទប់ មកនៅខ្លួនជនសង្ស័យទៅវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានលបចូលវីឡាខាងលើ តាំងពីម៉ោង៨ និង៣០នាទីព្រឹក មកម៉្លេះ ដើម្បីលួចទ្រព្យសម្បត្តិ តែរកផ្លូវចេញមិនទាន់ ទើបសម្ងំសិនទៅ រហូតដល់ម្ចាស់មកទាន់ស្រែកឆោឡោ ចាប់ខ្លួនតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌ។ ចំណែកឯលុយកាក់ និងគ្រឿងអលង្ការ (មិនប្រាប់ចំនួន) សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ៕

RELATED ARTICLES