Sunday, November 16, 2025
Homeព័ត៌មានជាតិថៅកែសុំស្នេហ៍ អ្នកចម្រៀងស្រីប្រកែក វ៉ៃបោចសក់

ថៅកែសុំស្នេហ៍ អ្នកចម្រៀងស្រីប្រកែក វ៉ៃបោចសក់

ភ្នំពេញ ៖ នារីវ័យក្មេងជាអ្នកចម្រៀងតាមកម្មវិធីខនសឺតម្នាក់ ត្រូវថៅកែរបស់ខ្លួន តាមប្រលោមសុំស្នេហ៍អស់រយៈពេល១ឆ្នាំមកហើយ តែនាងមិនព្រម ព្រោះដឹងថា ថៅកែរូបនោះមានប្រពន្ធកូនរួចទៅហើយ លុះខឹងតាមសុំស្នេហ៍ស្រួលៗមិនព្រម ទើបបុរសជាថៅកែរូបនោះ ចេះតែព្យាយាមតាមឈ្នានីស រករឿងបង្កហិង្សាអត់ឈប់ ទីបំផុត ក៏ផ្ទុះហិង្សាចាប់វ៉ៃបោចសក់មុខមហាជន រហូតដល់នារីរងគ្រោះទ្រាំលែងបាន ក៏ដាក់ពាក្យបណ្តឹងប្តឹងទារសំណងជំងឺចិត្ត៣ម៉ឺនដុល្លារ។

នារីរងគ្រោះមានឈ្មោះប្រាក់ ផាន់នី ហៅ អមរា អាយុ១៩ឆ្នាំ ជាអ្នកចម្រៀងក្នុងកម្មវិធីប្រគំតន្ត្រី (ខនសឺត) តាមខេត្តក្រុងនានា និងជាអ្នកច្រៀងក្នុងកម្មវិធីកីឡារបស់ស្ថានីយទូរស្សន៍មួយ គ្រាន់បានប្រាក់បន្តិចបន្តួច យកមកចិញ្ចឹមឪពុកម្តាយចាស់ជរា និងចិញ្ចឹមប្អូនបង្កើត២នាក់ រស់នៅក្នុងបន្ទុកបានរៀនសូត្រ។ ចំណែកបុរសជាថៅកែ ដែលត្រូវនារីរងគ្រោះដាក់ពាក្យបណ្តឹង មានឈ្មោះហុង ហ្សែន អាយុ៣៨ឆ្នាំ ជាថៅកែដំឡើងឆាកតន្ត្រីខនសឺត មានលំនៅក្នុងបុរីឡាយគង់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។ 

នារីរងគ្រោះបានរៀបរាប់ប្រាប់ថា នាងពិតជាទទួលយកមិនបានឡើយ ចំពោះលោកហុង ហ្សែន ជាថៅកែដំឡើងឆាកតន្ត្រីខនសឺត ដែលតាមយាយីជីវិតនាងមិនឱ្យរស់សុខស្រួល និងមិនឱ្យនាងប្រកបរបរជាអ្នកចម្រៀង គ្រាន់បានប្រាក់យកមកចិញ្ចឹមជីវិតនិងគ្រួសារនោះ។ នាងថា រយៈពេលជាង១ឆ្នាំមកនេះ ដោយសារសុំស្នេហ៍ពីនាងមិនបាន លោកហុង ហ្សែន តែងតាមព្យាបាទ និងប្រើអំពើហិង្សាដាក់នាងចំនួន៤លើកមកហើយ ហើយថែមទាំងប្រើពាក្យគំរាមថា “បើអញយកនាងឯងមិនបានទេ អ្នក ណាក៏មិនអាចយកនាងឯងបានដែរ! អញនឹងតាមព្យាបាទនាងឯងរកទីបញ្ចប់គ្មានឡើយ!”។ ទីបំផុត ការគំរាមនេះ លោកថៅកែបានធ្វើបានមែន ដោយបានប្រើអំពើហិង្សាដាក់នាងចំនួន៤លើក រួមមាន លើកទី១ នៅខេត្តក្រចេះ លើកទី២ នៅខេត្តស្វាយរៀង លើកទី៣ នៅក្រុងប៉ោយប៉ែត (ពេលនោះនាងត្រូវលោកហុង ហ្សែន វាយបែកក្បាល ដេរអស់៥ថ្នេរ) និងលើកទី៤ នៅខណ្ឌដង្កោ។

នារីរងគ្រោះ បានបន្ថែមថា ក្រោយពីមានអំពើហិង្សានេះ នាងបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋានឱ្យជួយដោះស្រាយ តែពេលនោះ ប្រពន្ធរបស់លោកហុង ហ្សែន បានមកលើកដៃសំពះអង្វរនាង សូមឱ្យនាងដកពាក្យបណ្តឹងវិញ ព្រោះបើប្តីជាប់គុក គ្មានអ្នកណាជួយចិញ្ចឹមកូនទេ ទើបធ្វើឱ្យនាងទន់ចិត្ត និងមានមនោសញ្ចោតនាចំពោះប្រពន្ធលោកហុង ហ្សែន ក៏សុខចិត្តដកពាក្យបណ្តឹងវិញ ដោយគ្មានទទួលសំណងមួយសេនណាឡើយ។

នារីរងគ្រោះបានឱ្យដឹងទៀតថា លុះមកដល់យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ លោកថៅកែនៅតែមិនអស់ចិត្ត បានតាមយាយីនាងម្តងទៀត ខណៈនាងចូលរួមសម្តែងក្នុងកម្មវិធីសិល្បៈ នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយពេលនោះ នាងច្រៀងចប់ កំពុងដើរចុះមកក្រោយឆាក ស្រាប់តែថៅកែបានដេញវាយនាងផ្អើលគេឯង ធ្វើឱ្យនាងរងការអាម៉ាស់ ចំពោះមុខមហាជនឈរមើលយ៉ាងត្រៀបត្រា។ ហើយពេលនោះ បើកុំតែមានគេជួយធ្វើអន្តរាគមន៍ទាន់ ច្បាស់ជានាងរងរបួសធ្ងន់ ឬអាចបាត់បង់ជីវិតផងដែរក៏មិនដឹង។ នេះជាលើកទី៤ ហើយដែលឈ្មោះហុង ហ្សែន បានប្រើអំពើហិង្សាដាក់នាង ហើយម្តងនេះ នាងលែងមានការអនុគ្រោះទៀតហើយ ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងចូលទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ជួយរកយុត្តិធម៌ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយទាមទារសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារ។

នារីរងគ្រោះ បានបញ្ជាក់ថា ការយាយីនេះដែរ បានធ្វើឱ្យនាងបាក់ស្បាតខ្លបខ្លាចលោកហុង ហ្សែន ខ្លាំងណាស់ សូម្បីគេជួលទៅសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៅមជ្ឈមណ្ឌលកម្សាន្ត ប្លាហ្សា កៀនស្វាយ ចាប់ពីថ្ងៃទី២០-២៦ ខែឧសភា ឆ្នាំ២០១៩ ក៏នាងមិនហ៊ានចេញទៅសម្តែងដែរ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកហុង ហ្សែន បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ដោយឡែក លោកស សោភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ បានថ្លែងបញ្ជាក់ថា លោកពិតជាបានទទួលពាក្យបណ្តឹងពីកញ្ញាប្រាក់ ផាន់នី ប្រាកដមែន តែដោយរកដំណោះស្រាយរវាងភាគីទាំងពីរមិនបាន ទើបលោកក៏បានបញ្ជូនសំណុំរឿងនេះ ទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្ត៕

RELATED ARTICLES