ខេត្តក្រចេះ៖ ហេតុការណ៍ក្រឡាប់សាឡាងចម្លងមួយគ្រឿង ដែលតែងតែចម្លងមនុស្ស និងយាន្តយន្តរាល់ថ្ងៃពីភូមិពង្រទៅកៅតាស៊ុយ បណ្តាលឲ្យធ្លាក់ឡានចូលទឹកទន្លេ ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សស្លាប់ឬរងរបួសននោះទេ។ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ។

ម្ចាស់សាឡាងមានឈ្មោះ សុះ សប់ព្រី រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកឡាន២គ្រឿង ដែលធ្លាក់ចូលទឹកទន្លេ ម៉ាកហុីណូ មានម្ចាស់ឈ្មោះសេង គី។

បើតាមលោកអភិបាលរងស្រុកឆ្លូង ធីម ស៊ាងឡេង បានប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេតុ រថយន្តដឹកដី២គ្រឿង ដែលមានដីពេញ បានចូលទៅក្នុងសាឡាង ពេលនោះបានរអិលកង់ឆ្វេង បណ្តាលឲ្យក្រឡាប់ ធ្វើឲ្យសាឡាងផ្អៀងក្រឡាប់ចូលទឹកទន្លេ ទាំងសាឡាងនិងរថយន្តដឹកដីទាំង២គ្រឿង រួមទាំង១គ្រឿងផងដែរ។

លោកបានបន្តទៀតថា នៅក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សស្លាប់ឬរងរបួសនោះទេ ក្រោយពេលកើតហេតុ ម្ចាស់សាឡាង និងម្ចាស់រថយន្តទាំង២គ្រឿង បានសម្របសម្រួលគ្នា ដោយមិនមានការប្តឹងផ្តល់នោះទេ។ ហើយខាងម្ចាស់រថយន្តទាំង២ ក៏បានស្ទូចរថយន្តចេញពីទន្លេរួចផងដែរ៕