Sunday, November 16, 2025
Homeព័ត៌មានជាតិប៉េអឹម៣ខេត្ត រួមទាំងប៉េអឹមលើផ្ទៃប្រទេសផង ទើបចាប់ខ្លួនបាន... ឃាតករសារភាពថា មកពីខឹងជនរងគ្រោះរោទិ៍ម៉ូតូឌឺ

ប៉េអឹម៣ខេត្ត រួមទាំងប៉េអឹមលើផ្ទៃប្រទេសផង ទើបចាប់ខ្លួនបាន… ឃាតករសារភាពថា មកពីខឹងជនរងគ្រោះរោទិ៍ម៉ូតូឌឺ

ខេត្តព្រៃវែង ៖ ជនសង្ស័យជាឃាតករដៃឆៅម្នាក់ ដែលបានធ្វើសកម្មភាពលបកាប់ប្រហារយុវជនម្នាក់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមក្នុងវង់ធុងបាស់ នៅចំណុចវត្តហាបូរ ស្ថិតក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ត្រូវបានកម្លាំងអាវុធហត្ថចំនួន៣ខេត្ត រួមទាំងកំលាំងលើផ្ទៃប្រទេស សហការគ្នាតាមប្រមាញ់ចាប់ខ្លួនបាន កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលជនសង្ស័យជាឃាតករ បានរត់ទៅសម្ងំលាក់ខ្លួននៅចំណុចភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ។

ប្រតិបត្តិការខាងលើនេះធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រៃវែង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងខេត្តកំពង់ធំ ដោយមានការសហការចូលរួមពីកម្លាំង អាវុធហត្ថខេត្តពោធិ៍សាត់ អាវុធហត្ថខេត្តកំពង់ធំ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ដោយអនុវត្តន៏តាមដីកា បញ្ជាឱ្យចូលខ្លួនលេខ៦០ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះគល់ ធី ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ត្រូវបានកំលាំងអាវុធហត្ថចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី២២ ឧសភា នៅចំណុចភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយជាប់ចោទពីបទ “ហិង្សាមានស្ថានទម្ងន់ទោស” ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះម្នាក់ឈ្មោះទ្រា ហ៊ា ភេទប្រុស អាយុ២៧ឆ្នាំ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចវត្តហាបូរ ស្ថិតក្នុងភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ បណ្តាលឱ្យជនរងគ្រោះស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

លោកវរៈសេនីយត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយពីត្រូវបានចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតកែកកាប់ទៅលើជនរងគ្រោះឈ្មោះ ទ្រា ហ៊ា ភេទប្រុស អាយុ២៧ឆ្នាំ នៅចំណុចវត្តហាបូរ ស្ថិតក្នុងភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ បណ្តាលឱ្យស្លាប់ប្រាកដមែន ដោយមូលហេតុ គឺបណ្តាលមកពីជនរងគ្រោះតែងតែនិយាយឌឺដង និងជិះម៉ូតូមករោទិ៍នៅមុខផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យខ្លួនខឹងហើយគុំក្នុងចិត្ត លុះមកដល់ថ្ងៃកើតហេតុ ពេលមានកម្មវិធីបុណ្យក្នុងវត្ត ហើយបានជួបជនរងគ្រោះ ទើបធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះតែម្តងទៅ ហើយក្រោយពីធ្វើសកម្មភាពរួចហើយ ខ្លួនក៏បានរត់គេចខ្លួនមករស់នៅខេត្តកំពង់ធំ រហូតដល់ថ្ងៃត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿង បពាន្ជូទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចវត្តហាបូរ ស្ថិតក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ដោយយុវជនម្នាក់កំពុងរាំធុងបាសលេងសុខៗ ក៏ស្រាប់តែកើតមានជម្លោះជាមួយនឹងបុរសម្នាក់ទៀត រហូតផ្ទុះជាអំពើហិង្សា ត្រូវគូទំនាស់ទាញកាំបិតកាប់ប្រហារចំនួន២កាំបិតចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានការចាក់ធុងបាសរាំលេងកម្សាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងនោះ គេឃើញជនរងគ្រោះនិងជនដៃដល់ ក៏មានវត្តមានរាំលេងធុងបាសក្នុងវង់ជាមួយគ្នានោះដែរ លុះបន្តិចក្រោយមក មិនដឹងជាយ៉ាងម៉េច ស្រាប់តែជនដៃដល់បានរករឿងជនរងគ្រោះ ដោយនិយាយថា ជនរងគ្រោះរាំជាន់ជើងរបស់គេ ទើបធ្វើឱ្យកើតមានជម្លោះវាយតប់គ្នា ហើយភ្លាមនោះ ជនដៃដល់ក៏ស្ទុះទៅទាញកាំបិត មកកាប់ប្រហារជនរងគ្រោះចំនួន២កាំបិត ដោយ១កាំបិត ចំក្បាលផ្នែកខាងក្រោយ និង១កាំបិតទៀត ចំកណ្តាលថ្ងាស សើយសាច់ឡើង បណ្តាលឱ្យជនរងគ្រោះដួលសន្លប់នៅនឹងកន្លែងតែម្តង និងត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្វាយអន្ទរ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល  ពេលដឹកទៅដល់មន្ទីរពេទ្យ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕

RELATED ARTICLES