ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែគិតខ្លីចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំសុំទោសម្តាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិពោរោងលើ ឃុំកោងកាង ស្រុកពញាក្រែក។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះកឹម វិមាន អាយុ៣៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយមិនឃើញកូនប្រុសចេញពីក្នុងផ្ទះសោះ ប៉ុន្តែនឹកស្មានថា កូនប្រុសដេកមិនទាន់ចង់ក្រោក ទើបមិនបានចូលទៅដាស់នោះទេ។ រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកទៅហើយ នៅតែមិនទាន់ឃើញកូនប្រុសភ្ញាក់ពីដំណេកទៀត ទើបស្ត្រីជាម្តាយបានចូលទៅក្នុងផ្ទះមើល ស្រាប់តែប្រទះឃើញកូនប្រុសបានចងកសម្លាប់ខ្លួនក្នុងផ្ទះ ស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោឡើង ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញផ្នែកកោសល្យវិច័យ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងគ្រូពេទ្យ បានចុះពិនិត្យដល់កន្លែងកើតហេតុ រួចសន្និដ្ឋានថា ករណីនេះពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ពោលគឺជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែនីឡុង ចងកជាប់នឹងផ្លានផ្ទះតៀម នៅមុខផ្ទះម្តាយរបស់ខ្លួន។

ដោយឡែកនៅក្បែរសាកសព សមត្ថកិច្ចបានរកឃើញបណ្តាំរបស់ជនរងគ្រោះ ដែលបានសរសេរនៅលើទូ ដែលមានខ្លឹមសារថា “ម៉ាក់ កូនសុំទោស សុំឱ្យម៉ាក់អហោសិកម្មខ្ញុំផង”។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕