ភ្នំពេញ ៖ ជនជាតិចិន២ក្រុម មិនដឹងជាមានទំនាស់នឹងគ្នារឿងអ្វី សង្ស័យថា ជាជម្លេះស្នេហាត្រីកោណ ដណ្តើមស្រីស្នេហ៍គ្នា ទើបធ្វើឱ្យកើតមានជម្លោះស៊ីសាច់ហុតឈាម បើកឡានប្រដេញបុកគ្នា រួចចុះវាយគ្នាផ្អើលពេញដងផ្លូវទាំងកណ្តាលរាត្រី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣៦០ កែងផ្លូវ៩៥ ស្ថិតក្នុងសង្កាត់ បឹងកេងកង២ ខណ្ឌបឹងកេងកង។

គូជម្លោះទាំង២ភាគី មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា សុទ្ធតែជាជនជាតិចិនដូចគ្នា ដោយម្ខាងបើករថយន្តទំនើប១គ្រឿង ម៉ាក HYUNDAI H-1 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3693។ ចំណែកភាគីម្ខាងទៀត បើកបររថយន្តទំនើបដូចគ្នា ម៉ាក HYUNDAI Starex CVX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-3376 ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទំនើប១គ្រឿង ម៉ាក HYUNDAI H-1 បើកបរដោយជនជាតិ១ក្រុម ធ្វើដំណើរតាមបណ្តោយផ្លូវ៩៥ ក្នុងល្បឿនយ៉ាងលឿន ប្រដេញតាមរថយន្តទំនើប១គ្រឿង ម៉ាក HYUNDAI Starex CVX ដែលបើកបរក្នុងល្បឿនលឿនដូចគ្នា លុះមកដលក់ចំណុចកើតហេតុ រថយន្ត HYUNDAI H-1 ក៏ជ្រុលទៅបុករថយន្ត HYUNDAI Starex CVX ចំចំហៀងខាងឆ្វេង បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។

ប្រភពដដែលបន្តថា បន្ទាប់ពីរថយន្តទាំងពីរបើកបុកគ្នាហើយ ក៏ឈប់លែងទៅមុខទៀតខ្លួន លុះភ្លាមៗនោះភាគីរថយន្តទាំងពីរបានចុះ ពីលើរថយន្តប្រកែកគ្នាជាភាសាចិន ដោយមិនដឹងថា ឈ្លោះគ្នាពីរឿងអ្វីខ្លះទេ តែត្រូវអ្នកឃើញហេតុការណ៍សង្ស័យថា ភាគីទាំងពីរអាចនឹងឈ្លោះគ្នា រឿងដណ្តើមស្រីស្នេហ៍ ព្រោះម្ខាងៗសុទ្ធតែស្រវឹងដាបណាស់ទៅហើយ រហូតដល់បង្កជាករណីហិង្សាដេញវាយគ្នាពេញផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីមកវាស់វែងយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕

