ខេត្តព្រៃវែង ៖ បុរសម្នាក់បានកើតមានជម្លោះជាមួយនឹងអ្នកភូមិម្នាក់ ជាយូរមកហើយ លុះមានឱកាសល្អ ក៏ល្បួងក្មេងស្រីវ័យ៩ឆ្នាំម្នាក់ ត្រូវជាកូនស្រីរបស់គូទំនាស់ ចេញទៅឆ្លុះកង្កែប លុះដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេច បន្ទាប់មក ដោយខ្លាចបែករឿង ក៏សម្លាប់ក្មេងស្រីរងគ្រោះចោល រួចយកសពទៅទម្លាក់ចូលទឹកស្រះ និងថែមទាំងបានយកឈើមកដោត ខ្វែងខ្ទាស់សាកសព កុំឱ្យអណ្តែតឡើង ដើម្បីបំបាត់ភ័ស្តុតាងទៀតផង ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសម្លាប់ក្មេងស្រីដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកវាល ចម្ងាយ៦៥០ម៉ែត្រ ខាងកើតភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល។

ជនសង្ស័យល្មោភកាម និងជាឃាតករចិត្តឃោរឃៅ មានឈ្មោះផ្លុង ហុកលី ហៅហុក អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ហ.ស.ដ អាយុ៩ឆ្នាំ មានឪពុកឈ្មោះផេង កក្កដា អាយុ៣០ឆ្នាំ ម្តាយឈ្មោះ គង់ ច្រម៉ក់ អាយុ៣១ឆ្នាំ ធ្វើចំណាកស្រុកទៅធ្វើការនៅខេត្តព្រះសីហនុ។ សព្វថ្ងៃក្មេងស្រីរងគ្រោះ ស្នាក់នៅក្នុងបន្ទុកជីតាឈ្មោះ ហាក់ គឹមហុង អាយុ៥២ឆ្នាំ ជីដូនឈ្មោះជា ស្រី អាយុ៥៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៩ ជនសង្ស័យឈ្មោះផ្លុង ហុកលី បានយកក្បាលពិលដែលបញ្ចូលភ្លើងនៅផ្ទះរបស់ខ្លួន មកឱ្យជីតារបស់ក្មេងស្រីរងគ្រោះ ហើយក៏ចេញទៅវិញ តែពេលនោះ ជនសង្ស័យក៏បានឆ្លៀត ទៅបបួលក្មេងស្រីរងគ្រោះ ចេញទៅឆ្លុះកង្កែបជាមួយគ្នា។ រហូតមកដល់វេលាម៉ោង១០និង១០នាទីយប់ថ្ងៃដដែល ជនសង្ស័យក៏បានត្រឡប់មកផ្ទះវិញ រួចក៏ជួបជាមួយួនឹងជីដូនរបស់ក្មេងស្រីរងគ្រោះ ពេលនោះស្ត្រីជាជីដូន ក៏សួររកចៅគាត់ថា ចៅរបស់គាត់ទៅណា តែជនសង្ស័យបែរជាឆ្លើយថា ចៅរបស់យាយមិនបានទៅជាមួយខ្ញុំទេ បន្ទាប់មកជីដូនក្មេងស្រីរងគ្រោះ បានដើរទៅហៅរកអ្នកជិតខាង ឱ្យជួយដើររកចៅស្រីរបស់គាត់ ទាំងយប់ដែរ ប៉ុន្តែរកមិនឃើញសោះ ទើបនាំគ្នាត្រឡប់មកសម្រាកវិញ។

ប្រភពដដែលបន្តថា លុះព្រឹកឡើង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីជាជីដូនក៏រាយការណ៍ជូនសមត្ថកិច្ចចុះជួយស្រាវជ្រាវរុករកចៅស្រីរបស់គាត់ រហូតប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ នៅស្រះចំណុចកើតហេតុខាងលើ ដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រ ពីផ្ទះរបស់ក្មេងស្រីរងគ្រោះ។ ភ្លាមនោះ កម្លាំងនគរបាលព្រហ្មទណ្ឌ និងក្រុមកោសសល្យវិច័យ របស់អង្គការ CPU បានស្រង់យកសាកសពក្មេងស្រីរងគ្រោះឡើងមកលើគោក ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារអំពើរំលោភសម្លាប់ប្រាកដមែន ដោយក្មេងស្រីរងគ្រោះត្រូវបានជនល្មើសវាយតប់ ចាប់រំលោភហើយ សម្លាប់ មុននឹងចោលសាកសពទៅក្នុងស្រះទឹក។ លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងសួរនាំសាក្សី ក៏ឈានដល់ការកំណត់មុខសញ្ញាជនដៃដល់ រួចក៏ចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះផ្លុង ហុកលី នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល។

ក្រោយពីឃាត់ខ្លួននាំមកសាកសួរ ជនសង្ស័យមិនព្រមសារភាពឡើយ រហូតដល់ក្រុមបច្ចេកទេសរបស់ CPU និងក្រុមនគរបាលព្រហ្មទណ្ឌ បន្តប្រមូលភស្តុតាងពីកន្លែងកើតហេតុ និងសាកសពក្មេងស្រី ដើម្បីជួយក្នុងការសួរចម្លើយ ទើបជនល្មើសព្រមសារភាព ខណៈដែលត្រូវប្រឈមមុខនឹងភស្តុតាងជាច្រើន។ នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ជាឃាតកររំលោភសម្លាប់ក្មេងស្រីដោយគ្មានញញើតដៃ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ក្មេងស្រីរងគ្រោះប្រាកដមែន មូលហេតុដោយសារតែរូបគេធ្លាប់មានជម្លោះជាមួយឪពុករបស់ក្មេងស្រីរងគ្រោះ កាលពីមួយឆ្នាំមុន ទើបចងជាគំនុំរហូតមក លុះមកដល់យប់កើតហេតុ ដោយមានឱកាសល្អ ទើបរូបគេបានល្បួងក្មេងស្រី ចេញទៅឆ្លុះកង្កែប រួចរំលោភសម្លាប់ចោលតែម្តងទៅ។

ជនសង្ស័យបានឆ្លើយសារភាពទៀតថា នៅមុនពេលកើតហេតុ រូបគេបានល្បួងក្មេងស្រីរងគ្រោះ ចេញទៅរកឆ្លុះកង្កែបនៅវាលស្រែជាមួយគ្នា លុះទៅដល់កន្លែងកើតហេតុ ជាកន្លែងស្ងាត់ ណាមួយរូបគេ បានកើតមានអារម្មណ៍ តណ្ហាពុះកញ្ជ្រោលខ្លាំងទ្រាំមិនបាន ក៏បែកគំនិតធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេច។ បន្ទាប់មក ដោយសារតែខ្លាចក្មេងស្រីរងគ្រោះ និយាយរឿងនេះប្រាប់តាយាយរបស់នាង នាំឱ្យមានបញ្ហា ទើបរូបគេបានដាច់ចិត្តសម្លាប់ក្មេងស្រីរងគ្រោះ ចោលតែម្តងទៅ ដើម្បីបំបិទមាត់ រួចក៏យកសាកសពក្មេងស្រីរងគ្រោះ ទៅទម្លាក់ចោលក្នុងទឹកស្រះនៅទីតាំងកើតហេតុ ប៉ុន្តែដោយខ្លាចថា សាកសពអណ្តែតឡើង មានគេឃើញ ទើបរូបគេបានយកឈើចំនួន២ កំណាត់ដោតខ្វែងខ្ទាស់ក ក្មេងស្រីរងគ្រោះពន្លិចក្នុងទឹក កុំឱ្យអណ្តែតឡើង ហើយក៏ដើរត្រឡប់មកផ្ទះវិញ ធ្វើដូចអត់ដឹងរឿង។ ចុងក្រោយ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ តាមចាប់រូបគេបានតែម្តង។

ជនសង្ស័យជាឃាតកររំលោភសម្លាប់ក្មេងស្រីខាងលើនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សាកសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាទីបំផុត៕