ខេត្តកំពង់ធំ ៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ រហូតដល់ក្លាយជាមនុស្សប្រមឹកទៅហើយ និងតែងដើរដេកគ្រប់កន្លែង ពោលគឺឱ្យតែស្រវឹងកន្លែងណាក៏ដេកដែរ លុះក្រោយពីផឹកស្រវឹងជោកជាំ ក៏បានដើរទៅប្រះខ្លួនដេកនៅក្បែររបងវត្ត លុះអ្នកភូមិឃើញ ចូលទៅដាស់សួរនាំ ស្រាប់តែឃើញជនរងគ្រោះស្លាប់រឹងស្តូកទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចរបងវត្ត ក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក។
បុរសរងគ្រោះដែលផឹកស្រាស្រវឹងដើរទៅដេកជាប់របងវត្តនេះ មានឈ្មោះជន នាត អាយុ៤០ឆ្នា មុខរបរមិនពិតប្រាកដ មានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះហូ ភុន អាយុ៥៤ឆ្នាំ ត្រូវជាបងថ្លៃជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្អូនថ្លៃរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) គឺជាមនុស្សញៀនស្រាដាច់មិនបានទេ ផឹករហូតដល់ទាញសរសៃញ័រដៃញ័រជើង ហើយពេលស្រវឹងម្តងដើរដេកតាមផ្លូវរហូត ចំណែកបាយទឹក ជួនមកហូបនៅផ្ទះខ្លួនឯង ជួនទៅហូបនៅឯវត្ត ជួនដេកអត់បាយក៏មាន។

តាមសម្តីបុរសចំណាស់ឈ្មោះនុត ញឹប អាយុ៦៤ឆ្នាំ ជាអ្នកភូមិជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដើរចេញពីផ្ទះ បំណងទៅមើលគោ ស្រាប់តែពេលដើរទៅដល់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនរងគ្រោះកំពុងដេកនៅក្បែររបងមុខវត្ត។ លុះពេលឃើញដូច្នេះ គាត់ក៏បានចូលទៅមើល និងសួរនាំជនរងគ្រោះ ស្រាប់តែចូលទៅដល់ ឃើញដងខ្លួនជនរងគ្រោះពុំមានដកដង្ហើមសោះ ទើបកើតមានការសង្ស័យ ក៏ស្រែកហៅឱ្យអ្នកស្រុករស់នៅជិតខាងបានដឹងឮ ពេលនោះបានឃើញឈ្មោះហន គ ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះបឹក ណាត ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជាមួយគ្នា បានប្រញាប់ស្ទុះមកជួយ និងសែងជនរងគ្រោះយកទៅដាក់ ក្រោមសាលាឆាន់ក្នុងវត្ត ពេលនោះបាននាំគ្នាពិនិត្យ មើលឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយទទួលបានសេចក្តីរាយការណ៍បែបនេះ សមត្ថកិច្ចជំនាញស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាល លោកមេភូមិ និងចាស់ទុំក្នុងវត្ត បានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើដងខ្លួន និងអវៈយវៈរបស់ជនរងគ្រោះ ពុំឃើញមានស្លាកស្នាមអ្វីគួឱ្យកត់សម្គាល់នោះឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង មូលហេតុហូបស្រាច្រើន មិនហូបបាយ។
បន្ទាប់ពីធ្វើការពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅដើម្បីធ្វើបុណ្យ តាមប្រពៃណី។/