Sunday, November 16, 2025
Homeព័ត៌មានជាតិប្តីច្របាច់ក ប្រពន្ធត្រដររួច រួមដៃជាមួយម៉ែ ចាក់សម្លាប់ រុំសពច្រកបាវ ហៅប៉ូលិសមកមើល

ប្តីច្របាច់ក ប្រពន្ធត្រដររួច រួមដៃជាមួយម៉ែ ចាក់សម្លាប់ រុំសពច្រកបាវ ហៅប៉ូលិសមកមើល

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ ទើបតែរៀបការជាមួយគ្នាបាន៥ខែប៉ុណ្ណោះ ក៏កើតមានជម្លោះមាត់តូចមាត់ធំដាក់គ្នារឿងប្រពន្ធសុំលុយ ប្តី១ម៉ឺនរៀលអត់បាន និងត្រូវប្តីខឹងក៏ស្ទុះទៅចាប់ច្របាច់កប្រពន្ធ ទើបស្ត្រីជាម្តាយក្មេកឃើញ ក៏ស្ទុះមកជួយកូនស្រីខ្លួន ដោយទាញកាំបិតប៉័ងតោ កាប់ក្បាលកូនប្រសា២កាំបិត បណ្តាលឱ្យដេកដួល ភ្លាមនោះ ស្ត្រីជាប្រពន្ធក៏ស្ទុះទៅទាញកូនកាំបិតចាក់បំពងកប្តី ចំនួន២កាំបិតបន្ថែមទៀត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកទាំង២នាក់ម្តាយកូន ក៏អូសសពទៅដាក់ក្នុងបន្ទប់ រួចចាក់សោជាប់ ប្រុងរត់គេចខ្លួនដែរ តែគិតចុះគិតឡើង ដឹងថា រត់មិនរួច ក៏ដឹកដៃគ្នាចូលប៉ុស្តិ៍ប៉ូលិស សារភាពកំហុស។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លុះដល់វេលាម៉ោង៩យប់ថ្ងៃដដែល ឃាតករដៃឆៅទាំង២នាក់ម្តាយកូន ក៏សម្រេចចិត្តដឹកដៃគ្នា ចូលប៉ុស្តិ៍ប៉ូលិសសារភាព ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

សាកសពជនរងគ្រោះមានឈ្មោះគឹម យ៉ត ហៅគឹម សីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទិញលក់អចលនទ្រព្យ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករទាំង២នាក់ រួមមាន ទី១-ឈ្មោះង៉ូយ សុម៉ារី ហៅស្រីស អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើជាមួយជនរងគ្រោះ និងត្រូវជាប្រពន្ធជនរងគ្រោះ។ ប្តីប្រពន្ធទាំង២នាក់  ទើបនឹងរៀបការជាមួយគ្នាបាន៥ខែ និងទើបមកជួលបន្ទប់ខាងលើស្នាកនៅបានជាង១ខែប៉ុណ្ណោះ។ និងទី២-ឈ្មោះគង់ ធីតា ហៅម៉ាក់ស្រីស អាយុ៤៩ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ មានលំនៅផ្ទះលេខ២៣ហ្ស៊ី ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវជាម្តាយក្មេករបស់ជនរងគ្រោះ។

រឿងរ៉ាវឃាតកម្ម ២នាក់ម្តាយកូនរួមដៃគ្នា ចាក់សម្លាប់ប្តី និងកូនប្រសារខាងលើនេះ ដំបូងឡើយ ទាំងសមត្ថកិច្ច និងអ្នកក្បែរខាង សុទ្ធតែមិនបានដឹងទាល់តែសោះ។ ហើយរឿងរ៉ាវ ទើបនឹងបែកធ្លាយ បង្កការភ្ញាក់ផ្អើល ខណៈដែល២នាក់ម្តាយ និងកូនស្រី បណ្តើរគ្នាចូលសារភាពដល់ប៉ុស្តិ៍ប៉ូលិស។

តាមចម្លើយសារភាពរបស់ស្ត្រីសង្ស័យជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាងនិងប្តី (ជនរងគ្រោះ) ទើបតែរៀបការនឹងគ្នា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ប៉ុណ្ណោះ គិតមកដល់សព្វថ្ងៃទើបនឹងរៀបការបាន៥ខែ ហើយទើបមកស្នាក់នៅផ្ទះជួលកន្លែងកើត ហេតុនេះបាន១ខែ ដោយការរស់នៅកន្លងមក មិនសូវចុះសម្រុងគ្នាប៉ុន្មានឡើយ ធ្លាប់ឈ្លោះប្រកែក ធ្លាប់ត្រូវគ្នាជាច្រើនដងមកហើយ។

ស្ត្រីសង្ស័យបន្តសារភាពថា នៅមុនពេលកើតហេតុ នាងបានបបួលប្តីទៅចុះសំបុត្រអាពាហ៍ពិពាហ៍ តែប្តីនាងមិនយល់ព្រម ទើបធ្វើឱ្យ កើតមានទំនាស់ពាក្យសម្តីនឹងគ្នាម្តងរួចមកហើយ។ លុះមកដល់ ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ប្តីរបស់នាង (ជនរងគ្រោះ) មានអាការ មិនស្រួលខ្លួន ទើបនាងបានហៅម្តាយឈ្មោះគង់ ធីតា ឱ្យមកជួយមើល។ លុះដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នាងបានសុំ លុយប្តីចំនួន១ម៉ឺនរៀល ពេលនោះប្តីរបស់នាងកំពុងឈឺផង ទើបមិនបានយកលុយឱ្យនាងទេ ទើបធ្វើឱ្យនាងខឹង មាត់ធំមាត់តូច ក៏កើតជាទំនាស់តឹងសរសៃកដាក់គ្នា ហើយភ្លាមនោះ ប្តីរបស់នាងក៏ស្ទុះក្រោកងើបមកចាប់ច្របាច់កនាង ទើបនាងបានស្រែកហៅម៉ែឱ្យជួយ និងប្រឹងត្រដររួច ស្រាប់តែរំពេចនោះ ម្តាយរបស់នាងក៏ស្ទុះចូលមកជួយ និងកាន់កាំបិតប៉័ងតោជាប់ដៃផង ក៏កាប់ក្បាលប្តីរបស់នាងចំនួន២ប៉័ងតោ ធ្វើឱ្យប្តីនាងបានដួលទៅលើឥដ្ឋ ភ្លាមនោះ នាងក៏បានអូសប្តីដាក់លើគ្រែ និងនឹកខ្លាចប្តីដឹងខ្លួន រករឿងថែមទៀត ក៏យកខ្សែភ្លើងមកចងដៃប្តី ស្រាប់តែឃើញថា ប្តីនៅមានដង្ហើម ទើបនាងបានទាញកូនកាំបិតចុងស្រួច ចាក់បំពងកប្តីចំនួន ២កាំបិតបន្ថែមទៀត បណ្តាលឱ្យប្តីរបស់នាងស្លាប់ក្នុងថ្លុកឈាមតែម្តង។

ស្ត្រីសងសង្ស័យបានបន្តទៀតថា ក្រោយពីកាប់ចាក់ប្តីរបស់នាងស្លាប់ហើយ ពួកនាងទាំង២នាក់ម៉ែកូន ក៏យកស្កុតរុំមុខប្តីទុកតែប្រឡោះច្រមុះ រួចយកអាវយឺតមកចងខ្ទប់មាត់ បន្ទាប់មកក៏យកភួយមករុំ ហើយចុងក្រោយយកបាវមកច្រក និងយកខ្សែជ័រមកចងព័ទ្ធសពបន្ថែមទៀត រួចក៏ដាក់សពប្តីនៅលើគ្រែ បន្ទាប់មកក៏នាំគ្នាចាក់សោបន្ទប់ចោល ហើយក៏នាំគ្នារត់ទៅសង្ងំនៅផ្ទះឯសង្កាត់ទន្លេបាសាក់។ លុះពេលទៅដល់ផ្ទះ នាងនិងម្តាយ ក៏រៀបរាប់ដំណើររឿងប្រាប់ឪពុកគ្មានសល់ និងត្រូវឪពុករបស់នាងស្តីបន្ទោសយ៉ាងខ្លាំង ថា មិនគួរណា ទាំង២នាក់ម្តាយកូនហ៊ានប្រព្រឹត្ត ដល់ថ្នាក់ហ្នឹង។ បន្ទាប់មក នៅវេលាម៉ោង៩យប់ថ្ងៃដដែល ដោយសារតែមុជមិនជ្រៅ ទៅមិនឆ្ងាយ គិតអ្វីក៏មិនឃើញ ទើបពួកនាង២នាក់ ម្តាយកូនក៏សម្រេចចិត្តនាំគ្នាចូលទៅសារភាពកំហុសនៅប៉ុស្តិ៍ប៉ូលិស ដោយបានសារភាពគ្រប់រឿងរ៉ាវ គ្រប់សកម្មភាព ធ្វើឱ្យប៉ូលិសស្រឡាំងកាំង សឹងតែមិនជឿថាជារឿងពិត រហូតដល់ចុងក្រោយ ពួកនាងក៏ហៅប៉ូលិសទៅមើលដល់ក្នុងបន្ទប់ជួល ទើបប៉ូលិសជឿ និងកើតមានការផ្អើលឆោឡោ ចាប់ខ្លួនពួកនាងទាំង២នាក់ម៉ែកូនតែម្តង។

ក្រោយកើតការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ករណីនេះពិតជាអំពើឃាតកម្មប្រាកដមែន ដោយ២នាក់ម្តាយ កូនពិតជាបានរួមដៃគ្នាកាប់ចាក់សម្លាប់ជនរងគ្រោះជាប្តី និងជាកូនប្រសារប្រាកដមែន។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញវត្ថុតាង រួមមាន កាំបិតប៉័ងតោ១មានប្រឡាក់ឈាម បាវនីឡុងចំនួន២ ភួយចំនួន២ ខ្សែភ្លើង១ខ្សែ ខ្សែជ័រចំនួន៣ខ្សែ អាវយឺត១ និងស្កុតរុំមុខពណ៌ដីឥដ្ឋ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រងចាំប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ជនដៃដល់ជាឃាតករទាំង២នាក់ម្តាយ និងកូនស្រី ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES