Sunday, November 16, 2025
Homeព័ត៌មានជាតិប្រពន្ធស្អាតបែបនេះហើយ "បងភ័ក្ត្រា ហេតុអីធ្វើដូច្នេះ មិនស្តាយទេអី?"

ប្រពន្ធស្អាតបែបនេះហើយ “បងភ័ក្ត្រា ហេតុអីធ្វើដូច្នេះ មិនស្តាយទេអី?”

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងរូបស្រស់ម្នាក់ បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រួចយំរៀបរាប់ថា ខ្លួននាងមានប្តីដូចអត់ប្តី លែងថ្នមលែងថ្នាក់ រហូតដល់រស់នៅបែកគ្នា និងចេះតែតាមបំផ្លាញប្រពន្ធមិនឈប់ ជាក់ស្តែង មកឆក់យកទូរស័ព្ទ ពីប្រពន្ធ១គ្រឿងទៅបាត់ទៀត រហូតដល់ប្រពន្ធទ្រាំលែងបាន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍ នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរូបស្រស់នេះមិនបានបញ្ជាក់ឱ្យដឹងពីឈ្មោះនោះទេ គ្រាន់តែប្រាប់ថា នាងមានអាយុ២១ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង។ ចំណែក បុរសជាប្តីត្រូវបានប្រពន្ធរូបនេះ បញ្ជាក់ប្រាប់ថា មានឈ្មោះភាព សុភ័ក្ត្រា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ សព្វថ្ងៃសម្ងំរស់នៅសោយសុខ នៅផ្ទះម្តាយបង្កើត ឯភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ មាន ស្ត្រីរូបស្រស់ម្នាក់បានរត់ផងយំផង ចូលមកក្នុងប៉ុស្តិ៍នគរបាល លុះសមត្ថកិច្ចសួរនាំ ទើបនាងប្រាប់ថា ប្តីនាងបានឆក់ទូរស័ព្ទរបស់នាង ហើយភ្លាមនោះ សមត្ថកិច្ចត្រៀមកម្លាំងចេញអន្តរាគមន៍ទៅហើយនោះ ក៏ត្រូវស្ត្រីរូបនោះឃាត់ រួចប្រាប់ថា រឿងបានកើតតាំងពីយប់មិញម៉្លេះ ហើយនាងមកនេះគ្រាន់តែប្តឹងសមត្ថកិច្ចឱ្យជួយតាមរកមុខប្តីមកដោះស្រាយគ្នាប៉ុណ្ណោះ។

ស្ត្រីសាច់ខ្ចីរូបស្រស់ខាងលើ បានយំបណ្តើររៀបរាប់ប្រាប់សមត្ថកិច្ចបណ្តើរថា នាងនិងប្តី បានរៀបការនឹងគ្នាអស់រយៈពេលជាង៣ឆ្នាំមកហើយ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ និងបានរួមរស់បង្កើតបានកូនម្នាក់ សព្វថ្ងៃអាយុ២ឆ្នាំហើយ។ មួយរយៈចុងក្រោយនេះ ប្តីរបស់នាងបានវក់នឹងល្បែងផង ដើរផឹកស៊ីផង មានស្រីញីផង រហូតដល់ចាប់ផ្តើមសោះអង្គើយក្នុងគ្រួសារ លែងផ្តល់ភាពកក់ក្តៅដូចគ្រាដើមទៀតហើយ ទីបំផុតជីវិតគ្រួសារ ក៏ចាប់ផ្តើមប្រេះស្រាំ និងធ្លាប់នាំគ្នាទៅដោះស្រាយនៅប៉ុស្តិ៍កាកាប២ សាលាសង្កាត់កាកាប២ (ខាងប្តី) ម្តងរួចហើយ ដោយចង់លែងលះគ្នាដែរ តែសមត្ថកិច្ចនិងអាជ្ញាធរ បានត្រឹមតែផ្សះផ្សារ សម្របសម្រួលឱ្យរួមរស់ជុំគ្នាជាប្តីប្រពន្ធវិញប៉ុណ្ណោះ។

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា ទោះជាយ៉ាងណាប្តីរបស់នាង ហាក់មិនព្រមកែចិត្តកែគំនិតទាល់តែសោះ លែងផ្តល់ភាពកក់ក្តៅដល់នាង ដើរលេងមានស្រីញីក្រៅផ្ទះ គ្មានចេះថ្នាក់ថ្នមប្រពន្ធសោះឡើយ លុះមានជម្លោះតិចតួច ក៏រត់ទៅនៅផ្ទះម្តាយបង្កើតរបស់គេ ឯភូមិចំការឪឡឹក២ សង្កាត់កាកាប២។

ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា លុះមកដល់យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលនាងចេញក្រៅបន្ទប់ ប្តីលួចចូលសម្ងំកៀនទ្វាររង់ចាំ គ្រាន់តែនាងចូលបន្ទប់ ស្រាប់តែលោកប្តីចាប់ឆក់យកទូរស័ព្ទ ហើយរត់គេចទៅបាត់ ទើបធ្វើឱ្យនាងខឹង បម្រុងទៅប្តឹងនៅសង្កាត់កាកាប២ដែរ តែកន្លងមកចូលម្តងហើយ ទើបនៅព្រឹកថ្ងៃទី២៥ នេះ មកចូលប៉ុស្តិ៍ចោមចៅ៣វិញម្តង ក្នុងបំណងឱ្យប៉ូលិសចាប់ប្តីដាក់គុកតែម្តង។

ជុំវិញរឿងរ៉ាវខាងលើនេះ សមត្ថកិច្ចបានត្រឹមជួយផ្តល់ជាដំបូន្មាន និងអប់រំខ្លះៗពីជីវិតគ្រួសារ និងធ្វើលិខិតអញ្ជើញមួយ ដើម្បីឱ្យលោកប្តីរបស់នាងចូលខ្លួនមកនិយាយសម្របសម្រួលគ្នា បញ្ឈប់ធ្វើបាបចិត្តប្រពន្ធទៀត៕

RELATED ARTICLES